ព័ត៌មានអន្តរជាតិ

ថ្នាំ Molnupiravir សម្រាប់ព្យាបាលកូវីដ១៩ គឺអាចធ្វើឱ្យប៉ះពាល់​ ដល់កូនក្នុងផ្ទៃ មេជីវិតឈ្មោល និងការលូតលាស់ឆ្អឹង

បរទេស ៖ ទីភ្នាក់ងារប្រឹក្សាឱសថ របស់ប្រទេសវៀតណាមបានព្រមានថា ថ្នាំព្យាបាលកូវីដ១៩ ឈ្មោះ molnupiravir អាចនឹងប៉ះពាល់ដល់កូននៅក្នុងផ្ទៃ មេជីវិតឈ្មោល និង ប៉ះពាល់ដល់ការ លូតលាស់ឆ្អឹងផងដែរ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមប្រឹក្សាប្រឹក្សានៃក្រសួងសុខាភិបាល សម្រាប់ការចុះបញ្ជីចរាចរឱសថ និងគ្រឿងផ្សំឱសថ កាលពីថ្ងៃទី៨ ខែមករា បានឱ្យដឹងថា ថ្នាំប្រភេទនេះ មិនត្រូវប្រើប្រាស់លើសពី៥ថ្ងៃជាប់គ្នាឡើយ ហើយគួរផ្តល់ជូន ចំពោះតែអ្នកដែលមានរោគសញ្ញាតិច ជាង៥ថ្ងៃប៉ុណ្ណោះ។

ក្រុមប្រឹក្សានេះ ក៏បានព្រមានទៀតថា ថ្នាំនេះ គឺមិនគួរប្រើជាថ្នាំ សម្រាប់បង្ការជំងឺកូវីដទេ ។

Molnupiravir មិនត្រូវប្រើក្នុងអំឡុង ពេលមានផ្ទៃពោះទេ ហើយស្ត្រីដែលចង់មានកូន គួរតែប្រើថ្នាំពន្យារកំណើត នៅពេលលេបថ្នាំនេះ និងរយៈពេល ៤ ថ្ងៃបន្ទាប់ពីការលេបថ្នាំចុងក្រោយ របស់ពួកគេ ហើយអ្នកដែលមានកូនមិនគួរបំបៅកូន ដោយទឹកដោះពួកគេក្នុងអំឡុងពេលនោះទេ។

មានឱកាសទាបដែលថ្នាំអាចប៉ះពាល់ ដល់មេជីវិតឈ្មោល ហើយបុរស គួរតែប្រើវិធីពន្យារកំណើតនៅពេលលេបវា ហើយរយៈពេលបីខែទៅមុខទៀត ផងដែរ។ ចំណែកកុមារអាយុក្រោម ១៨ឆ្នាំ ក៏មិនគួរត្រូវបានផ្តល់ថ្នាំនោះទេ ។

ក្រសួងបាននិយាយថា Molnupiravir គួរតែត្រូវបានប្រើតែតាមការណែនាំរបស់វេជ្ជបណ្ឌិតប៉ុណ្ណោះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top