ព័ត៌មានអន្តរជាតិ

យោធាមីយ៉ានម៉ា ផ្លាស់ប្តូរមេទ័ពជើងអាកាស ស្របពេលមាន យុទ្ធនាការ ទម្លាក់គ្រាប់

បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយ និងប្រភពជិតស្និទ្ធ នឹង កងកម្លាំងប្រដាប់អាវុធ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា មេដឹកនាំយោធា នៃប្រទេសមីយ៉ានម៉ា បានដកតំណែងមេទ័ពជើងអាកាស ក្រោយមានប្រតិបត្តិការ វាយឆ្មក់ទម្លាក់គ្រាប់បែក ជាបន្តបន្ទាប់ ទៅលើក្រុមប្រឆំាង បង្កឲ្យមានការថ្កោលទោស ពីសំណាក់ពិភពលោក ។

ប្រភពទាំងនោះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រថា លោកឧត្តមសេនីយ៍ Maung Maung Kyaw មានវ័យ៥៧ឆ្នាំ ត្រូវបានដកហូតចេញពីតំណែង ដែលលោកបានកាន់ចាប់តាំង ពីឆ្នាំ២០១៨មកម៉្លេះ ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន ALJAZEERA នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោក Htun Aung ដែលធ្លាប់កាន់តំណែង ជាអគ្គសេនាធិការ របស់កងទ័ពអាកាស បានចូលមកកាន់តំណែងជំនួសវិញ ។
ការផ្លាស់ប្តូរតំណែងមន្ត្រីយោធានេះ គឺត្រូវបានធ្វើឡើង ស្របពេល ដែលយោធា តាមសេចក្តីរាយការណ៍ បានធ្វើការវាយឆ្មក់មួយទៀត កាលនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុង Htigyaing ដែលជាទីក្រុងមួយ ស្ថិតនៅក្នុងតំបន់ Sagaing ។ ប្រជាពលរដ្ឋប្រដាប់អាវុធក្នុងទីក្រុងនោះ បានធ្វើការប្រយុទ្ធជាមួយពួកយោធា ចាប់តាំងពីល្ងាចថ្ងៃពុធមក ៕ ប្រែសម្រួល៖ប៉ាង កុង

To Top