ព័ត៌មានអន្តរជាតិ

សមាជិកព្រឹទ្ធសភាអាមេរិក ចេញច្បាប់ ដាក់ទណ្ឌកម្មលើរុស្ស៊ី ពាក់ព័ន្ធបញ្ហាអ៊ុយក្រែន

បរទេស ៖ សមាជិកព្រឹទ្ធសភាអាមេរិកមកពីគណបក្ស លទ្ធិប្រជាធិបតេយ្យ នឹងធ្វើការបង្ហាញ នូវច្បាប់មួយ ដែលនឹងដាក់ ទណ្ឌកម្ម ដ៏ធ្ងន់ធ្ងរ លើមន្ត្រីរដ្ឋាភិបាល និងយោធាជាន់ខ្ពស់រុស្ស៊ី ដោយរួមទាំងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងស្ថាប័នធនាគារសំខាន់ៗ ប្រសិនបើទីក្រុងមូស្គូ ធ្វើការឈ្លានពានលើប្រទេស អ៊ុយក្រែន នេះបើតាមសម្តីសមាជិកព្រឹទ្ធសភា លោក Robert Menendez ។

ច្បាប់ដែលស្នើឡើងនោះ រួមទាំងបទបញ្ញត្តិជួយជំរុញបង្កើនសន្តិសុខ របស់ប្រទេសអ៊ុយក្រែន និងលើកទឹកចិត្តសហរដ្ឋអាមេរិក ឲ្យពិចារណាលើវិធានការ សមស្រប ដែលមានទាំងអស់ ដើម្បីធានាបំពង់ទុយោ បង្ហូរប្រេងពីរុស្ស៊ី ទៅអាល្លឺម៉ង់ Nord Stream 2 ដែលជាឧបករណ៍ នៃឥទ្ធិពលអាក្រក់របស់សហព័ន្ធ រុស្ស៊ីនោះ មិនត្រូវបានដំណើរការ ។

ប្រធានគណៈកម្មការទំនាក់ទំនង បរទេសរបស់ព្រឹទ្ធសភា លោក Robert Menendez បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា “ច្បាប់នេះធ្វើឲ្យវាជាក់ ច្បាស់ថា ព្រឹទ្ធសភាសហរដ្ឋអាមេរិក នឹងមិនឈរឱបដៃមើល នៅពេលដែលវិមានក្រឹមឡាំង គម្រាមកំហែងធ្វើការ ឈ្លានពានជាថ្មី ទៅលើអ៊ុយក្រែននោះទេ” ។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី នាពេលថ្មីៗកន្លងមកនេះ បានប្រមូលផ្តុំកងទ័ពប្រមាណ ១០០.០០០នាក់ នៅជិតព្រំដែនរបស់ប្រទេស អ៊ុយក្រែន ហើយទីក្រុងវ៉ាស៊ីនតោន កំពុងតែព្យាយាមជំរុញទីក្រុងមូស្គូ មិនឲ្យធ្វើការឈ្លានពានប្រទេស អ៊ុយក្រែនជាថ្មីម្តងទៀត ៕
ប្រែសម្រួល៖ប៉ាង កុង

To Top