យូអិន៖ បន្ទាប់ពីបានពង្រីក ៥,៥ភាគរយនៅឆ្នាំ២០២១ ទិន្នផលសកលត្រូវបានព្យាករណ៍ថានឹងកើនឡើងត្រឹមតែ ៤ភាគរយក្នុងឆ្នាំ២០២២ និង ៣,៥ភាគរយនៅឆ្នាំ២០២៣ នេះបើយោងតាម UN Economic Situation and Prospects (WESP) 2022 ដែលត្រូវបានដាក់ឱ្យដំណើរការកាលពីថ្ងៃព្រហស្បតិ៍។
របាយការណ៍បានឲ្យដឹងថា ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក កំពុងប្រឈមមុខនឹងការប៉ះទង្គិចដ៏សំខាន់ចំពេលមានរលកថ្មីនៃការឆ្លងជំងឺកូវីដ-១៩ បញ្ហាទីផ្សារការងារជាប់លាប់ បញ្ហាប្រឈមខ្សែសង្វាក់ផ្គត់ផ្គង់ ដែលបន្តអូសបន្លាយ និងការកើនឡើងសម្ពាធអតិផរណា។
របាយការណ៍បានគូសបញ្ជាក់ថា ការស្ទុះងើបឡើងវិញដ៏រឹងមាំនៅឆ្នាំ២០២១ ដែលជំរុញដោយការចំណាយរបស់អ្នកប្រើប្រាស់ខ្លាំង និងការកើនឡើងមួយចំនួនក្នុងការវិនិយោគ ជាមួយនឹងពាណិជ្ជកម្មទំនិញលើសពីកម្រិតមុនការរាតត្បាត – បានកត់សម្គាល់នូវអត្រាកំណើនខ្ពស់បំផុតក្នុងរយៈពេលជាង ៤ទសវត្សរ៍។
ប៉ុន្តែសន្ទុះសម្រាប់កំណើន ជាពិសេសនៅក្នុងប្រទេសចិន សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅចុងឆ្នាំ២០២១ ដោយសារឥទ្ធិពលនៃការជំរុញរូបិយវត្ថុ និងសារពើពន្ធ ចាប់ផ្តើមស្រកចុះ ហើយការរំខានដល់ខ្សែសង្វាក់ផ្គត់ផ្គង់សំខាន់ៗបានលេចចេញមក។ ការកើនឡើងសម្ពាធអតិផរណានៅក្នុងប្រទេសសេដ្ឋកិច្ចជាច្រើន កំពុងបង្កហានិភ័យបន្ថែមដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា “នៅក្នុងរយៈពេលដ៏ផុយស្រួយ និងមិនស្មើគ្នានៃការងើបឡើងវិញជាសកលនេះ ស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យឆ្នាំ២០២២ អំពាវនាវឱ្យមានគោលនយោបាយ និងវិធានការហិរញ្ញវត្ថុដែលមានគោលដៅ និងសម្របសម្រួលកាន់តែប្រសើរឡើងនៅកម្រិតជាតិ និងអន្តរជាតិ” ។
លោកបានបន្ថែមថា “ពេលនេះដល់ពេលដែលត្រូវបិទគម្លាតវិសមភាពក្នុង និងក្នុងចំណោមប្រទេសនានា។ ប្រសិនបើយើងធ្វើការក្នុងសាមគ្គីភាព ក្នុងនាមគ្រួសារមនុស្សតែមួយ យើងអាចធ្វើឱ្យឆ្នាំ២០២២ ជាឆ្នាំនៃការស្តារឡើងវិញពិតប្រាកដសម្រាប់ប្រជាជន និងសេដ្ឋកិច្ចដូចគ្នា”៕ដោយ ឈូក បូរ៉ា