បរទេស៖ លេខាធិការព័ត៌មាន របស់សេតវិមាន លោក Jen Psaki បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន នឹងប្រារព្ធធ្វើសន្និសីទកាសែតផ្លូវការមួយ នៅសេតវិមាន នាសប្ដាហ៍ក្រោយ បន្ទាប់ពីប្រឈមមុខនឹងការរិះគន់ អស់រយៈពេលជាច្រើនខែ ស្តីពីការខ្វះខាតផ្នែកប្រព័ន្ធផ្សព្វផ្សាយ។
លោក បៃដិន នឹងែទទួលឆ្លើយសំនួរពីអ្នកសារព័ត៌មាន នៅម៉ោង៤រសៀលថ្ងៃពុធ ក្នុងសន្និសីទកាសែតតែម្នាក់ឯង ដំបូងរបស់លោក នៅសេតវិមាន ចាប់តាំងពីខែមីនា ឆ្នាំ២០២១មក និងជាលើកដំបូង គិតចាប់តាំងពីខែវិច្ឆិកា ជាពេលដែលលោក ធ្វើដំណើរទៅកាន់ទីក្រុង Glasgow ចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាអាកាសធាតុ របស់អង្គការសហប្រជាជាតិ។
តាមសេចក្តីរាយការណ៍ រហូតមកទល់ពេលបច្ចុប្បន្ននេះ លោក បៃដិន បានប្រារព្ធធ្វើកិច្ចសន្និសីទកាសែតផ្លូវការ ចំនួន៩ ដោយរួមបញ្ចូលទាំងចំនួន៥ ក្នុងអំឡុងធ្វើដំណើរទៅបរទេស និងសហសន្និសីទកាសែតចំនួន៣ ជាមួយថ្នាក់ដឹកនាំបរទេស នៅសេតវិមាន ដែលនេះគឺជាចំនួនតិចជាងប្រធានាធិបតី កាន់តំណែងមុនលោក ក្នុងរយៈពេលដូចគ្នា។
គួរបញ្ជាក់ថា លោកប្រធានាធិបតីអាមេរិក ដែលបានធ្វើកិច្ចសម្ភាសន៍សារព័ត៌មាន ត្រឹមតែ២២ដង នៅក្នុងអំឡុងពេលកាន់តំណែងឆ្នាំដំបូង របស់លោករូបនេះ នាពេលថ្មីៗនេះ បានប្រឈមមុខនឹងសំនួរ ស្តីពីការប្តេជ្ញារបស់លោក ដឹកនាំរដ្ឋបាលដ៏មានតម្លាភាពបំផុត នៅក្នុងប្រវត្តិសាស្ត្រ របស់ប្រទេស៕ ប្រែសម្រួល៖ប៉ាង កុង
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																						 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									