បរទេស៖ អាជ្ញាធរបាននិយាយថា មនុស្សទាំង៤នាក់ ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំង នៅក្នុងសាលាប្រជុំមួយក្នុងទីក្រុង Colleyville រដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍គឺ “នៅមានជីវិត” និង “មានសុវត្ថិភាព” ខណៈដែលប្រព័ន្ធផ្សព្វផ្សាយ បានរាយការណ៍ពីការបាញ់កាំភ្លើង និងសំឡេងស្រដៀងទៅនឹង ការផ្ទុះនៅកន្លែងកើតហេតុ។ ជនសង្ស័យដែលបាន ចាប់ចំណាប់ខ្មាំងទាំងនោះ ដែលតាមសេចក្តីរាយការណ៍ បានទាមទារឱ្យមានការដោះលែង ស្ត្រីជនជាតិប៉ាគីស្ថានម្នាក់ ដែលត្រូវបានកាត់ទោសពីបទ ប៉ុនប៉ងសម្លាប់បុគ្គលិកយោធាអាមេរិក។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ទោះបីជាចំណាប់ខ្មាំងបុរសម្នាក់ ត្រូវបានដោះលែងដោយគ្មាន របួសកាលពីថ្ងៃសៅរ៍ក៏ដោយ ប៉ុន្តែចំណាប់ខ្មាំង ៣នាក់ដែលនៅសល់ មិនអាចចាកចេញបានទេ រហូតដល់ក្រុមសង្គ្រោះ FBI ដែលបានធ្វើដំណើរដោយយន្តហោះ ចេញពីទីក្រុង Quantico រដ្ឋ Virginia បានសម្រុកចូលអគារបន្ទាប់ពី មានការប្រឈមមុខដាក់គ្នារយៈពេល ១២ ម៉ោងជាមួយជនសង្ស័យ ។
ភ្លាមៗបន្ទាប់ពីសារព័ត៌មាន CNN បានរាយការណ៍ថា “សំឡេងដ៏ខ្លាំងមួយ អមដោយការបាញ់កាំភ្លើង” ចេញពីសាលាប្រជុំ អភិបាលរដ្ឋតិចសាស់, លោក Greg Abbott អភិបាលរដ្ឋតិចសាស់បានប្រកាសថា ចំណាប់ខ្មាំងទាំងអស់ឥឡូវនេះ “នៅរស់ និងមានសុវត្ថិភាព” ។
ប្រធានប៉ូលីស Colleyville លោក Michael Miller បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីល្ងាចថ្ងៃសៅរ៍ថា ជនសង្ស័យត្រូវបាន “សម្លាប់” ដោយកត់សម្គាល់ថា បុរសនោះមិនបានធ្វើបាបចំណាប់ខ្មាំង ហើយលោក Miller បានបដិសេធបញ្ជាក់ អត្តសញ្ញាណជនសង្ស័យ ។
លោកបានបន្ថែមថា «យើងបានកំណត់មុខសញ្ញានេះហើយ ប៉ុន្តែយើងមិនបានត្រៀមខ្លួន ក្នុងការបញ្ចេញអត្តសញ្ញាណ របស់គាត់ឬបញ្ជាក់អត្តសញ្ញាណ របស់គាត់នៅពេលនេះទេ ។
ជនសង្ស័យនៅចំណុចមួយ ត្រូវបានគេរាយការណ៍ថា បានគំរាមសម្លាប់ចំណាប់ខ្មាំង ប្រសិនបើនរណាម្នាក់ចូលទៅក្នុងអគារ ហើយបាននិយាយថា គាត់បានដាក់គ្រាប់បែក នៅទីតាំងជាច្រើន។ ទោះយ៉ាងណា លោកក៏បានអះអាងថា លោកមិនចង់បង្ករបួសស្នាម ដល់អ្នកណាឡើយ ហើយបន្ទាប់មកបាន ដោះលែងចំណាប់ខ្មាំងម្នាក់ ៕
ប្រែសម្រួលៈ ណៃ តុលា