ព័ត៌មានអន្តរជាតិ

មេដឹកនាំកំពូលអាមេរិក-ជប៉ុន នឹងជួបគ្នានៅថ្ងៃសុក្រ ដោយស្វែងរកទំនាក់ទំនងល្អបន្ថែមទៀត ដើម្បីប្រឆាំងនឹងឥទ្ធិពលចិន នៅឥណ្ឌូ-ប៉ាស៊ីហ្វិក

វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នឹងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា នៅថ្ងៃសុក្រ ខណៈដែលប្រទេសទាំងពីរស្វែងរកការពង្រឹងទំនាក់ទំនងបន្ថែមទៀត ចំពេលមានឥទ្ធិពលកាន់តែខ្លាំងឡើងរបស់ប្រទេសចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីលោក គីស៊ីដា ដែលបានចូលកាន់តំណែងកាលពីខែតុលា បានបោះបង់ចោលដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក សម្រាប់កិច្ចពិភាក្សាផ្ទាល់ជាមួយលោក បៃដិន មុនពេលសភាជប៉ុន ចាប់ផ្តើមសម័យប្រជុំធម្មតារបស់ខ្លួននៅថ្ងៃចន្ទនេះ ដោយសម្រេចចិត្តផ្តោតលើការឆ្លើយតបនឹងជំងឺកូវីដ-១៩ នៅក្នុងស្រុកជំនួសវិញ។

អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យថា “កិច្ចប្រជុំនេះនឹងបង្ហាញពីភាពរឹងមាំនៃសម្ព័ន្ធភាពអាមេរិក-ជប៉ុន ដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក និងជុំវិញពិភពលោក” ។

លោក បៃដិន កំពុងទន្ទឹងរង់ចាំធ្វើការជាមួយលោក គីស៊ីដា ដើម្បីជំរុញ “ចក្ខុវិស័យចែករំលែករបស់ពួកគេ សម្រាប់តំបន់ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ” និងការចាប់ដៃគូលើបច្ចេកវិទ្យាថ្មីៗ និងកំពុងរីកចម្រើន រួមទាំងតាមរយៈក្រុម Quad ផងដែរ ដោយលោកស្រី Psaki បានលើកឡើងថា ដោយសំដៅទៅលើក្រុមនៃលទ្ធិប្រជាធិបតេយ្យឥណ្ឌូប៉ាស៊ីហ្វិកធំៗចំនួន៤ ដែល រួមមាន អូស្ត្រាលី និងឥណ្ឌា ផងដែរ។

មេដឹកនាំទាំងពីរក៏ត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការបន្ថែមទៀតលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនៃមេរោគឆ្លងកូវីដ-១៩ និងបញ្ហាបម្រែបម្រួលអាកាសធាតុ នេះបើយោងតាមសេតវិមាន។

លោក បៃដិនើ និងលោក គីស៊ីដា បានសន្ទនាតាមទូរស័ព្ទកាលពីខែតុលា ភ្លាមៗបន្ទាប់ពីលោក គីស៊ីដា ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រីក្នុងសភា ដើម្បីជំនួសលោក Yoshihide Suga ដែលបានលាលែងពីតំណែងបន្ទាប់ពីកាន់តំណែងបានជាងមួយឆ្នាំ។

មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានសន្ទនាគ្នាខ្លីមួយនៅខាងក្រៅកិច្ចពិភាក្សា ស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ ក្នុងប្រទេសអង់គ្លេសក្នុងខែវិច្ឆិកាផងដែរ៕

To Top