សិង្ហបុរី៖ ប្រទេសសិង្ហបុរី បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១១៦៥ករណី រួមទាំងការឆ្លងនាំចូលចំនួន ៥៣៤ករណី ហើយក្នុងចំណោមជាង ១០០០ករណីខាងលើនេះ ទម្រង់អូមីក្រុង មានជាងពាក់កណ្ដាល។
មិនមានអ្នកស្លាប់នោះទេ ហើយចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅតែមាន ៨៤៣នាក់ នេះបើយោងតាមស្ថិតិឆ្លងចុងក្រោយបង្អស់ នៅលើគេហទំព័ររបស់ ក្រសួងសុខាភិបាលសិង្ហបុរី (MOH)។

ក្នុងចំណោមករណីថ្មី ដែលបានរាយការណ៍ កាលពីថ្ងៃចន្ទ មាន ៦៣១ករណី ឆ្លងក្នុងស្រុក។ ក្រសួងសុខាភិបាល មិនបានផ្តល់ការវិភាគអំពី ចំនួនករណីនៅក្នុងសហគមន៍ និងក្នុងអន្តេវាសិកដ្ឋានរបស់ ពលករចំណាកស្រុកនោះទេ។
ការឆ្លងទម្រង់ថ្មីអូមីក្រុង សរុបចំនួន ៦០៩ករណី ត្រូវបានបញ្ជាក់ផងដែរកាលពីថ្ងៃចន្ទ ដែលរួមមានករណីនាំចូលចំនួន ២២៩ ករណី និងករណីក្នុងស្រុកចំនួន ៣៨០ករណី ។ នេះត្រូវបានបង្ហាញជាសំណុំទិន្នន័យ ដាច់ដោយឡែកពីករណីជំងឺកូវីដ-១៩ ប្រចាំថ្ងៃ។
គួរបញ្ជាក់ថា អត្រាកំណើននៃការឆ្លង ប្រចាំសប្តាហ៍នៅថ្ងៃចន្ទគឺ ១,៦០ កើនឡើងពីថ្ងៃអាទិត្យ ១,៤៩។ នេះសំដៅទៅលើសមាមាត្រ នៃករណីសហគមន៍ សម្រាប់សប្តាហ៍មុន ៕
ដោយ ឈូក បូរ៉ា
