ប៉េកាំង ៖ ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិន និងហ្វីលីពីន គួរតែរក្សាមិត្តភាពរបស់ពួកគេ លុបបំបាត់ការរំខាន ធ្វើឱ្យកិច្ចសហប្រតិបត្តិការ កាន់តែស៊ីជម្រៅ និងរួមគ្នាបើកចំហអនាគត ដ៏ល្អប្រសើរ សម្រាប់ទំនាក់ទំនងទ្វេភាគី។
លោក វ៉ាង បានធ្វើការកត់សម្គាល់ នៅពេលថ្លែងទៅកាន់វេទិកាទីក្រុងម៉ានីល សម្រាប់ទំនាក់ទំនងចិន និងហ្វីលីពីន តាមរយៈវីដេអូ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការពិតបានបង្ហាញឱ្យឃើញថា ការសម្រេចចិត្តជាយុទ្ធសាស្ត្រ របស់ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ក្នុងការធ្វើឱ្យប្រសើរឡើង នូវទំនាក់ទំនងជាមួយប្រទេសចិន គឺស្របតាមផលប្រយោជន៍ជាមូលដ្ឋាន របស់ប្រជាជនហ្វីលីពីន។
នៅក្នុងនោះដែថលោក វ៉ាង យី បានឲ្យដឹងផងដែរថា វាក៏ស្របតាមផលប្រយោជន៍ រួមរបស់ប្រទេសចិន និងហ្វីលីពីន និងនិន្នាការ នៃការអភិវឌ្ឍន៍ក្នុងតំបន់ ដោយសន្តិភាព។
ដោយកត់សម្គាល់ការ ផ្លាស់ប្តូរមិត្តភាព រវាងប្រទេសទាំងពីរបានអូសបន្លាយជាង ១០០០ឆ្នាំមកហើយ លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិន មានឆន្ទៈបន្តធានាតម្រូវ ការវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ របស់ហ្វីលីពីន ។ ប្រទេសចិនក៏នឹងសហការ លើវ៉ាក់សាំងជាក់លាក់ និងការកសាងសមត្ថភាព សុខភាពសាធារណៈ រហូតដល់មេរោគ ត្រូវបានកម្ចាត់ផងដែរ។
លោក វ៉ាង យី បានបន្ដថា ប្រទេសចិន មានឆន្ទៈក្នុង ការបន្តបើកទ្វារ សម្រាប់ផលិតផលកសិកម្ម ហ្វីលីពីនកាន់តែច្រើន និងកែលម្អការវិនិយោគ ដើម្បីជួយហ្វីលីពីនពន្លឿន ដំណើរការឧស្សាហូបនីយកម្ម និងទំនើបកម្ម និងលើកកំពស់សមត្ថភាព អភិវឌ្ឍន៍ឯករាជ្យរបស់ខ្លួន។
ស្តីពីបញ្ហាសមុទ្រចិនខាងត្បូង លោក វ៉ាង យី បានលើកឡើងថា ប្រទេសចិន បានត្រៀមខ្លួន ដើម្បីជំរុញការអភិវឌ្ឍន៍រួមគ្នា ដោយមិនប៉ះពាល់ដល់សិទ្ធិ និងការទាមទាររៀងៗខ្លួន។ ប្រទេសចិនក៏មានឆន្ទៈក្នុងការប្រែក្លាយបញ្ហាប្រឈម ទៅជាកាលានុវត្តភាព ជួយអភិវឌ្ឍន៍ប្រទេស ហ្វីលីពីន និងពង្រឹងមិត្តភាពរវាងប្រជាជនទាំងពីរ ៕
ដោយ ឈូក បូរ៉ា