ព័ត៌មានអន្តរជាតិ

គណៈប្រតិភូ ព្រឹទ្ធសភាអាមេរិក ជួបជាមួយថ្នាក់ដឹកនាំ អ៊ុយក្រែន ក្នុងទីក្រុងគៀវ

បរទេស៖ ក្រុមសមាជិកព្រឹទ្ធសភា សហរដ្ឋអាមេរិក ចំនួន៧រូប មកពីគណបក្សទាំងពី គឺគណបក្សលទ្ធិប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ តាមសេចក្តីរាយការណ៍ បានជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky នៅក្នុងទីក្រុងគៀវ កាលពីថ្ងៃចន្ទ ក្នុងដំណើរបង្ហាញការគាំទ្រប្រឆាំង នឹងការឈ្លានពានអាចកើត មានណាមួយពីយោធារុស្ស៊ី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ការិយាល័យប្រធានាធិបតីអ៊ុយក្រែន បាននិយាយប្រាប់ថា គណៈប្រតិភូព្រឹទ្ធសភាសហរដ្ឋអាមេរិកនោះ បានពិភាក្សាអំពីស្ថានភាពសន្តិសុខរបស់ប្រទេសអ៊ុយក្រែន និងវិធានការត្រូវធ្វើឡើង ដើម្បីកាត់បន្ថយភាពតានតឹង ជាមួយប្រទេសរុស្ស៊ី ស្របពេលដែលទីក្រុងមូស្គូ បានប្រមូលផ្តុំកងទ័ពរាប់សែននាក់ នៅតាមព្រំដែនជិតអ៊ុយក្រែន។

លោកប្រធានាធិបតីអ៊ុយក្រែន បាននិយាយប្រាប់គណៈប្រតិភូសហរដ្ឋអាមេរិកនោះយ៉ាងដូច្នេះថា “វាសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសអ៊ុយក្រែន និងសម្រាប់ប្រជាជនរបស់យើង ដែលអ្នកនៅជាមួយយើងនាពេលបច្ចុប្បន្ននេះ នេះគឺនិយាយពីការគាំទ្រដ៏រឹងមាំទាំងពីរគណបក្សនៅសហរដ្ឋអាមេរិក ចំពោះប្រទេសរបស់យើង ក៏ដូចជាអធិបតេយ្យភាពនិងបូរណភាពទឹកដី”។

គួរបញ្ជាក់ថា គណៈប្រតិភូសហរដ្ឋអាមេរិកនោះ រួមមានទាំងសមាជិកព្រឹទ្ធសភា លោក Rob Portman លោក Jeanne Shaheen លោក Chris Murphy លោក Kevin Cramer លោក Amy Klobuchar លោក Roger Wicker និងលោក Richard Blumenthal៕

ប្រែសម្រួល៖ប៉ាង កុង

To Top