បរទេស៖ នៅថ្ងៃអង្គារនេះ មេដឹកនាំនៃប្រទេសកូរ៉េខាងត្បូង លោកប្រធានាធិបតី Moon Jae-in បានធ្វើដំណើរមកដល់ ប្រទេសអារ៉ាប៊ីសាអូឌីត ហើយដោយមាន ការស្វាគមន៍យ៉ាងស្និទ្ធស្នាល ពីសំណាក់ព្រះអង្គម្ចាស់ ព្រមទាំងក្រុមគណប្រតិភូ ជាន់ខ្ពស់ជាច្រើនរូប។
ដំណើរទស្សនកិច្ចនេះ គឺជាដំណើរទស្សនកិច្ច លើកទី២ហើយ របស់លោកប្រធានាធិបតី មកកាន់តំបន់មជ្ឈឹមបូព៍ា ព្រមជាមួយនឹងភរិយា របស់លោកផងដែរ។ការមកដល់របស់ មេដឹកនាំរបស់កូរ៉េខាងត្បូង ត្រូវបានស្វាគមន៍ ដោយព្រះអង្គម្ចាស់ Mohammed bin Salman ប៉ុន្តែដោយមិនមានការចាប់ដៃ និងរក្សាគម្លាតសុវត្ថិភាព ផងដែរ។
គួរឲ្យដឹងដែរថា ព្រះអង្គម្ចាស់ Mohammed bin Salman គឺត្រូវបានគេមើលឃើញថា បានធ្វើកិច្ចការងារប្រចាំថ្ងៃ តំណាងឲ្យមេដឹកនាំ ប្រទេសព្រះមហាក្សត្រ King Salman ដែលត្រូវជាព្រះបិតា។
ទោះបីជាយ៉ាងណាក្តី គេមិនអាចច្បាស់ទេថា តើលោក Moon នឹងមានជំនួបជាមួយនឹង ព្រះមហាក្សត្រ King Salman ឬក៏យ៉ាងណាទេ ពីព្រោះថាព្រះអង្គ បានអវត្តមានពីសាធារណៈ ចាប់តាំងតែពីពេល ដែលមានវត្តមានកូវីដ កាលពីខែមិនាឆ្នាំ២០២០៕
ប្រែសម្រួល៖ស៊ុនលី