បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅថ្ងៃពុធនេះ បានជំរុញឲ្យប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន ជ្រើសយកផ្លូវសន្តិភាពស្តីពីបញ្ហាអ៊ុយក្រែន ស្របពេលដែលលោកធ្វើទស្សនកិច្ចទីក្រុងគៀវ ដើម្បីបង្ហាញពីការគាំទ្រ នៅមុនពេលធ្វើកិច្ចពិភាក្សាគ្នាជាមួយរុស្ស៊ីនៅចុងសប្ដាហ៍នេះ។
នៅក្នុងប្រទេសអ៊ុយក្រែន មុនកិច្ចពិភាក្សាគ្នាជាមួយសម្ពន្ធមិត្តអឺរ៉ុបក្នុងទីក្រុងប៊ែកឡាំង និងជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីក្នុងទីក្រុងហ្សឺណែវ នាថ្ងៃសុក្រនោះ លោក Blinken បានជំរុញឲ្យលោក ពូទីន ឲ្យបំបាត់ការភ័យខ្លាចដែលថា លោកកំពុងតែគ្រោងធ្វើការឈ្លានពានមួយ ចំពោះប្រទេសជិតខាងគាំទ្រលោកខាងលិច។
ក្រោយចុះពីយន្តហោះនៅរដ្ឋធានីនៃប្រទេសអ៊ុយក្រែន លោករដ្ឋមន្ត្រីការបរទេសអាមេរិក បានមានប្រសាសន៍នៅស្ថានទូតអាមេរិកថា “ខ្ញុំមានសង្ឃឹមយ៉ាងមុតមាំថា យើងអាចរក្សារឿងនេះនៅលើផ្លូវការទូតនិងសន្តិវិធី ប៉ុន្តែនៅទីបំផុត នោះនឹងជាការសម្រេចចិត្តរបស់លោកប្រធានាធិបតី ពូទីន”។
គួរបញ្ជាក់ថា ដោយមានការប្រមូលផ្តុំកងទ័ពរុស្ស៊ីរាប់ម៉ឺននាក់ នៅតាមព្រំដែនអ៊ុយក្រែននោះ ភាពតានតឹងរវាងទីក្រុងមូស្គូនិងលោកខាងលិច បានឈានដល់ចំណុចខ្ពស់មួយក្រោយសង្គ្រាមត្រជាក់ ហើយមានការភ័យខ្លាចកើនឡើងអំពីជម្លោះដ៏ធំមួយ នៅក្នុងតំបន់អឺរ៉ុបភាគខាងកើត៕
ប្រែសម្រួល៖ប៉ាង កុង