ព័ត៌មានអន្តរជាតិ

ចិនភ្ញាក់ផ្អើលក្រោយ ទទួលដំណឹងថា ស្លូវ៉ានី គ្រោងអនុញ្ញាតិ ឲ្យកោះតៃវ៉ាន់ បើកការិយាល័យ

បរទេស ៖ ក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍នេះ តាមរយៈការសារព័ត៌មានបរទេស បានចេញផ្សាយថា បានបង្ហាញនូវភាព ភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះផែនការ របស់ប្រទេសស្លូវ៉ានី ក្នុងការអនុញ្ញាតិឲ្យកោះតៃវ៉ាន់ អាចបើកដំណើរ ការការិយាល័យទូត តំណាងនៅក្នុងប្រទេស។

នៅក្នុងសេចក្តីថ្លែងការណ៍ ដដែល ក្រសួងការបរទេសចិន ក៏បានព្រមានដែរថា ការសម្រេចចិត្តលើកនេះ នឹងអាចធ្វើឲ្យប៉ះពាល់កាន់តែធ្ងន់ធ្ងរ ចំពោះទំនាក់ទំនងការទូត រវាងប្រទេសចិន និងបណ្តាប្រទេស នៅលោកខាងលិច ជាមិនខាន ។

អ្នកនាំពាក្យរបស់ក្រសួងការបរទេសចិន លោក Zhao Lijian ដែលបានថ្លែងការណ៍នេះ បានបញ្ជាក់ទៀតថា នាយករដ្ឋមន្ត្រីស្លូវ៉ានីលោក Janez Jansa ដែលបានធ្វើការទិះតៀន ខ្លាំងមកលើរដ្ឋាភិបាលក្រុងប៉េកាំង តាមកញ្ចក់ទូរទស្សន៍នា ពេលកន្លងមកនោះគឺជាមនុស្ស ដែលគ្រោះថ្នាក់ម្នាក់។

កាលពីថ្ងៃអង្គារកន្លងមកដែររដ្ឋាភិបាល នៃកោះតៃវ៉ាន់បានធ្វើការស្វាគមន៍ យ៉ាងខ្លាំងចំពោះសេចក្តីថ្លែង ការណ៍ របស់លោក Jansa និងអះអាងថាកិច្ចពិភាក្សាចរចាគ្នា ជាមួយនឹង ស្លូវ៉ានីកំពុងដំណើរការ ដើម្បីធ្វើយ៉ាងណាអាចដំណើរការ ការិយាល័យតំណាងរបស់ខ្លួននៅទីនោះ៕

ប្រែសម្រួល៖ស៊ុនលី

To Top