បរទេស ៖ នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃព្រហស្បតិ៍ បានទទូចថា លោកមិនមានគម្រោង ផ្លាស់ប្តូរជួរគណៈរដ្ឋមន្ត្រី ឬរំលាយសភាតំណាងរាស្រ្ត និងឱ្យមានការបោះឆ្នោតសកល មុនកាលកំណត់នោះទេ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា ការអត្ថាធិប្បាយរបស់ឧត្តមសេនីយ ប្រាយុទ្ធ នេះបានធ្វើក្រោយការសម្រេចចិត្តរបស់គណបក្ស Palang Pracharath កាលពីយប់ថ្ងៃពុធ ដើម្បីបណ្តេញអគ្គលេខាធិការបក្ស គឺលោក Thamanat Prompow និងសមាជិកសភាចំនួន ២០ នាក់ផ្សេងទៀតនៅក្រោមការគ្រប់គ្រងរបស់គាត់ ពីបទបង្កឱ្យមានការបែកបាក់នៅក្នុងបក្សកាន់អំណាច។
លោកឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បន្តថា «ខ្ញុំមិនបានចូលរួមក្នុងការសម្រេចចិត្តដែលធ្វើឡើងដោយសមាជិកប្រតិបត្តិនៃគណបក្ស Palang Pracharath និងមេដឹកនាំ [ឧត្តមសេនីយ៍ Prawit Wongsuwon] នោះទេ ហើយខ្ញុំជឿថា គ្រប់គ្នាកំពុងព្យាយាមធ្វើឱ្យអ្វីៗ ត្រឡប់មកធម្មតាវិញ យ៉ាងឆាប់រហ័សតាម ដែលអាចធ្វើទៅបាន»។
លោកបន្ថែមថា «ខ្ញុំមិនអាចប្រាប់បានទេថាអ្នកណាល្អ ឬអត់។ ទុកឲ្យទង្វើរបស់គេនិយាយដោយខ្លួនឯង ហើយទុកឲ្យប្រជាពលរដ្ឋពិចារណា និងសម្រេចក្នុងការបោះឆ្នោតលើកក្រោយ»។
លោកបានបន្តថា នឹងមិនមានការរុះរើគណៈរដ្ឋមន្ត្រី និងមិនមានការរំលាយសភា នៅពេលឆាប់ៗនេះទេ ព្រោះមានការងារត្រូវធ្វើ៕
ប្រែសម្រួលៈ ណៃ តុលា