សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ ទីក្រុងព្យុងយ៉ាងបានរាយការណ៍ឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបើកកិច្ចប្រជុំការិយាល័យនយោបាយនៃគណបក្សកម្មករ ដែលកំពុងកាន់អំណាច ដែលដឹកនាំដោយមេដឹកនាំលោក គីម ជុងអ៊ុន ហើយបានសម្រេចចិត្តពិចារណាឡើងវិញនូវសកម្មភាព “ទាំងអស់ដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន” ចំពោះការធ្វើតេស្តមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ។
កិច្ចប្រជុំកម្រិតខ្ពស់ត្រូវបានកោះប្រជុំបន្ទាប់ពីកូរ៉េខាងជើង បានធ្វើតេស្តមីស៊ីលផ្លោងចំនួន ៤ជុំក្នុងខែនេះ រួមទាំងពីរជុំនៃអ្វីដែលខ្លួនអះអាងថា ជាមីស៊ីលលឿនជាងសំឡេង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សហរដ្ឋអាមេរិកបានឆ្លើយតបនឹងការបាញ់សាកល្បងដោយការដាក់ទណ្ឌកម្មថ្មីលើរបបនេះ ហើយកំពុងជំរុញឱ្យមានការពង្រីកទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
ក្នុងអំឡុងពេលសម័យប្រជុំការិយាល័យនយោបាយ ដែលបានធ្វើឡើងកាលពីថ្ងៃពុធ លោក គីម ជុងអ៊ុន និងអ្នកចូលរួមផ្សេងទៀតបានប្តេជ្ញាថានឹងរៀបចំសម្រាប់ “ការប្រឈមមុខគ្នារយៈពេលវែង” ជាមួយសហរដ្ឋអាមេរិក ដោយលើកឡើងថា “គោលនយោបាយអរិភាព និងការគំរាមកំហែងយោធាដោយសហរដ្ឋអាមេរិក បានឈានដល់បន្ទាត់គ្រោះថ្នាក់ ដែលមិនអាចមើលរំលងបានទៀតនោះទេ” ។
KCNA បានចុះផ្សាយថា “កូរ៉េខាងជើង បានផ្តល់ការណែនាំដល់វិស័យដែលពាក់ព័ន្ធឱ្យពិចារណាឡើងវិញក្នុងមាត្រដ្ឋានរួមនៃវិធានការកសាងទំនុកចិត្តដែលយើងបានអនុវត្តគំនិតផ្តួចផ្តើមរបស់យើងនៅលើមូលដ្ឋានអនុគ្រោះ និងពិនិត្យមើលភ្លាមៗអំពីបញ្ហានៃការចាប់ផ្តើមឡើងវិញនូវរាល់សកម្មភាពដែលត្រូវបានផ្អាកជាបណ្តោះអាសន្ន” ។
ប្រទេសកូរ៉េខាងជើង បានរក្សាការផ្អាកដោយខ្លួនឯងលើការសាកល្បងនុយក្លេអ៊ែរ និង មីស៊ីល ICBM ចាប់តាំងពីចុងឆ្នាំ២០១៧ នៅក្នុងអ្វីដែលរដ្ឋបាលរបស់កូរ៉េខាងត្បូងលោក មូន ជេអ៊ីន បានពិពណ៌នាថា ជាសញ្ញាមួយដែលទីក្រុងព្យុងយ៉ាង កំពុងរក្សាទ្វារបើកចំហ សម្រាប់ការសន្ទនាទោះបីជាមានការបាញ់មីស៊ីលរយៈចម្ងាយខ្លីក៏ដោយ៕