ព័ត៌មានអន្តរជាតិ

ចិន ព្រមានដល់នាវាចម្បាំង១ គ្រឿង របស់សហរដ្ឋអាមេរិក ដែលបណ្តែតខ្លួននៅក្បែរកោះ នៅដែនសមុទ្រចិនខាងត្បូង

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា យោធារបស់ប្រទេសចិន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងចិន បានតាមដាន និងព្រមានពីនាវាចម្បាំងអាមេរិក១គ្រឿង ដែលបានចូលដែនទឹកក្បែរកោះប៉ារ៉ាស៊ែល ក្នុងសមុទ្រចិនខាងត្បូង នៅក្នុងភាពតានតឹងចុងក្រោយបង្អស់នៅក្នុងផ្លូវទឹកដែលមានជម្លោះ ។


បញ្ជាការប្រចំាភូមិភាគខាងត្បូងនៃកងទ័ពរំដោះប្រជាជនបានលើកឡើងថា នាវា USS Benfold “ខុសច្បាប់” បានធ្វើដំណើរចូលទៅក្នុងដែនទឹករបស់ចិន ដោយគ្មានការអនុញ្ញាត ដោយរំលោភលើអធិបតេយ្យភាពរបស់ប្រទេស ហើយកងកម្លាំងជើងទឹក និងអាកាសចិន បានតាមដានកប៉ាល់នោះ ។

បញ្ជាការខាងលើបានឲ្យដឹងទៀតថា “យើងទាមទារយ៉ាងឱឡារិកឱ្យភាគីអាមេរិកបញ្ឈប់ជាបន្ទាន់នូវសកម្មភាពបង្កហេតុនេះ បើមិនដូច្នេះទេ នឹងទទួលនូវផលវិបាកធ្ងន់ធ្ងរនៃព្រឹត្តិការណ៍ដែលមិនបានមើលឃើញទុកជាមុន” ។

កងនាវាចរអាមេរិក បានឲ្យដឹងថា នាវា Benfold “បានអះអាងអំពីសិទ្ធិ និងសេរីភាពក្នុងការធ្វើនាវាចរណ៍នៅក្នុងតំបន់ជុំវិញកោះ ប៉ារ៉ាស៊ែល (Paracel) ស្របតាមច្បាប់អន្តរជាតិ” ៕

To Top