បរទេស៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោកស្រី Annalena Baerbock និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានប្រារព្ធធ្វើកិច្ចប្រជុំអនឡាញដំបូង នៅថ្ងៃព្រហស្បតិ៍នេះ និងបានពិភាក្សាគ្នាអំពីប្រធានបទនានា ដោយរួមទាំងចំណងមិត្តភាពទ្វេភាគីរបស់ប្រទេសទាំងពីរ និងវិបត្តិពិភពលោក។
មន្ត្រីនាំពាក្យមួយរូបបាននិយាយយ៉ាងដូច្នេះថា “សហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយប្រទេសចិន គឺមានសារៈសំខាន់ក្នុងចំណុចជាច្រើន ហើយ (សហប្រតិបត្តិការ) នេះ ក៏មានពាក់ព័ន្ធនឹងគោលនយោបាយបរិស្ថាននិងអាកាសធាតុ។ ដោយគ្មានប្រទេសដែលមានប្រជាជនច្រើនបំផុតលើពិភពលោកទេនោះ វានឹងមិនអាចទៅរួចដើម្បីប្រយុទ្ធនឹងវិបត្តិអាកាសធាតុ និងផលវិបាកសកលនោះឡើយ”។
តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីនាំពាក្យរូបនោះបានបន្ថែមថា ការគោរពច្បាប់អន្តរជាតិ គឺជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការ ហើយលោកស្រី Annalena Baerbock និងលោក វ៉ាង យី បានពិភាក្សាគ្នាពីសំនួរ ដែលប្រទេសនានា មានភាពខុសគ្នាជាខ្លាំងក្នុងគំនិតនានា រួមទាំងរឿងសិទ្ធិមនុស្សផងដែរ៕
ប្រែសម្រួល៖ប៉ាង កុង