អ.ស.ប៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន និងរុស្ស៊ី បានរារាំងសហរដ្ឋអាមេរិក ដែលជំរុញឲ្យអង្គការសហប្រជាជាតិ (UN)ដាក់ទណ្ឌកម្ម លើជនជាតិកូរ៉េខាងជើង ចំនួនប្រាំនាក់ ដើម្បីឆ្លើយតបទៅនឹងការបាញ់មីស៊ីល នាពេលថ្មីៗនេះ ដោយទីក្រុងព្យុងយ៉ាង អ្នកការទូតបានប្រាប់ ដល់ទីភ្នាក់ងារព័ត៌មាន AFP ថាយ៉ាងដូច្នេះ ។
ការរារាំងរបស់ប្រទេសចិន បានកើតឡើងមុនពេលកិច្ចប្រជុំ ក្រុមប្រឹក្សាបិទទ្វារជាថ្មី ស្តីពីកូរ៉េខាងជើង ដែលត្រូវបានស្នើសុំដោយក្រុងវ៉ាស៊ីនតោន ហើយត្រូវបានបន្តដោយការសម្រេចចិត្តរបស់រុស្ស៊ី ក្នុងការប្រឆាំងនឹងសំណើ របស់អាមេរិកដូចគ្នា។
ស្ថិតក្រោមច្បាប់របស់អង្គការសហប្រជាជាតិ បច្ចុប្បន្ន រយៈពេលរារាំងគឺមានរយៈពេល៦ខែ ។ បន្ទាប់ពីនោះ សមាជិកក្រុមប្រឹក្សាផ្សេងទៀត អាចបន្តរារាំងករណីនេះរយៈពេល៣ខែទៀត និងមួយថ្ងៃ មុនពេលសំណើត្រូវបានដកចេញ ជាអចិន្ត្រៃយ៍ពីតុចរចា ។
រួមជាមួយគ្នានេះដែរ ក្រុងប៉េកាំង និងក្រុងមូស្គូបានប្រកាន់ខ្ជាប់ជាយូរយារមកហើយ ប្រឆាំងនឹងការបង្កើនសម្ពាធលើកូរ៉េខាងជើង សូម្បីតែស្នើសុំការបន្ធូរបន្ថយទណ្ឌកម្ម ពីអន្តរជាតិដោយលើកហេតុផល ក្នុងនាមមនុស្សធម៌ ។
គួររំលឹកថា កាលពីសប្តាហ៍មុន បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានដាក់ទណ្ឌកម្ម លើជនជាតិកូរ៉េខាងជើង៥នាក់ ដែលពាក់ព័ន្ធនឹងកម្មវិធីមីស៊ីលផ្លោង របស់ប្រទេសនោះ សហរដ្ឋអាមេរិកបានធ្វើយុទ្ធនាការមួយ នៅក្នុងក្រុមប្រឹក្សាសន្តិសុខ ដើម្បីបន្ថែមការដាក់ទណ្ឌកម្ម របស់អង្គការសហប្រជាជាតិ ចំពោះមនុស្ស៥នាក់ដដែលនោះ។
ក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹង ជនជាតិកូរ៉េខាងជើងម្នាក់ ក្នុងចំណោមជនជាតិកូរ៉េខាងជើង ដែលត្រូវបានដាក់ទណ្ឌកម្មគឺលោក Choe Myong Hyon មានមូលដ្ឋាននៅក្នុងប្រទេសរុស្ស៊ី និងបានផ្តល់ការគាំទ្រ ដល់បណ្ឌិត្យសភាវិទ្យាសាស្ត្រធម្មជាតិទីពីរ របស់កូរ៉េខាងជើង ហៅកាត់ (SANS) ដែលជាកម្មវត្ថុ នៃទណ្ឌកម្មរួចហើយ ។
ក្រសួងរតនាគារបានឲ្យដឹងទៀតថា គោលដៅគឺតំណាងកូរ៉េខាងជើង ចំនួន៤នាក់ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន នៃអង្គការក្រោមឱវាទ SANS ដូចជា៖លោក ស៊ីម ក្វាងសុខ, គីម សុងហ៊ុន, កាង ឆុលហាក់ និងភីយ៉ុន ក្វាងជុល ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា