ហ្សាការតា៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយព័ត៌មានឲ្យដឹង នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ថា តុលាការមួយក្នុងប្រទេសឥណ្ឌូនេស៊ី បានកាត់ទោសសមាជិកនាំមុខគេ នៃក្រុមសកម្មប្រយុទ្ធឥស្លាម ដែលបានប្រព្រឹត្តការបំផ្ទុះគ្រាប់បែក នៅកោះបាលីក្នុងឆ្នាំ២០០២ ឱ្យជាប់ជាប់ពន្ធនាគាររយៈពេល១៥ឆ្នាំ ។
តុលាការនៅទីក្រុងហ្សាការតា បានរកឃើញថា លោក Zulkarnaen វ័យ៥៨ឆ្នាំមានទោសពីបទបង្កឲ្យមានអំពើភេរវកម្មកើត ឡើង ។
គាត់ត្រូវស្ថិតនៅក្នុងបញ្ជី ដែលចង់បានបំផុតរបស់ប្រទេសឥណ្ឌូនេស៊ី ចាប់តាំងពីការបំផ្ទុះគ្រាប់បែក ហើយបានគេចពីការចាប់ខ្លួនរហូតដល់ខែធ្នូ ឆ្នាំ២០២០ ។
គួររំលឹកថា ការបំផ្ទុះនៅក្នុងរង្គសាល ចំនួន២កន្លែង ដែលមានមនុស្សប្រមូលផ្តុំគ្នា ទៅដោយអ្នកទេសចរនៅលើកោះ នាថ្ងៃឈប់សម្រាក បានសម្លាប់មនុស្សអស់ចំនួន២០២នាក់ មកពី២១ប្រទេស នៅក្នុងការវាយប្រហារ ដោយសកម្មប្រយុទ្ធដ៏សាហាវបំផុត របស់ប្រទេសឥណ្ឌូនេស៊ី ។
ក្នុងចំណោមអ្នក ដែលត្រូវបានគេសម្លាប់ នៅរង្គសាល Paddy’s Irish Bar និងក្លឹប Sari Club ដែលនៅក្បែរនោះមានជនជាតិអូស្ត្រាលី៨៨នាក់ ជនជាតិឥណ្ឌូនេស៊ី ៣៨នាក់ និងជនជាតិ អង់គ្លេស២៨នាក់ ។
ក្នុងឆ្នាំ២០០៨ បុរស៣នាក់ ត្រូវបានគេប្រហារជីវិត ដោយសារតួនាទីរបស់ពួកគេ ក្នុងការបំផ្ទុះគ្រាប់បែក ហើយជាច្រើននាក់ទៀត ត្រូវបានចាប់ពន្ធនាគារ ឬសម្លាប់ដោយកងកម្លាំងសន្តិសុខ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា