បរទេស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថា មនុស្សជាង១,២លាននាក់បានស្លាប់ក្នុងឆ្នាំ២០១៩ដោយសារការឆ្លងមេរោគដែលបង្កឡើងដោយបាក់តេរីដែលធន់នឹងថ្នាំអង់ទីប៊ីយោទិកច្រើនប្រភេទ ខ្ពស់ជាងមេរោគអេដស៍/ជំងឺអេដស៍ ឬជំងឺគ្រុនចាញ់ នេះបើយោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ។
មន្ត្រីសុខាភិបាលពិភពលោកបានព្រមានម្តងហើយម្តងទៀតអំពីការកើនឡើងនៃបាក់តេរីដែលធន់នឹងថ្នាំ និងអតិសុខុមប្រាណដទៃទៀត ដោយសារតែការប្រើប្រាស់ខុស និងការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិកច្រើនពេក ដែលជំរុញឱ្យមីក្រូសរីរាង្គវិវត្តទៅជា “ពពួកមេរោគ” ។
របាយការណ៍ស្រាវជ្រាវសកលថ្មីស្តីពីការតស៊ូប្រឆាំងអតិសុខុមប្រាណ ដែលត្រូវបានបោះពុម្ពផ្សាយនៅក្នុងទស្សនាវដ្តី The Lancet បានបង្ហាញថា ភាពធន់នឹងថ្នាំសម្លាប់មេរោគ (AMR) ទទួលខុសត្រូវដោយផ្ទាល់ចំពោះការស្លាប់ប្រមាណ១,២៧លាននាក់ និងពាក់ព័ន្ធនឹងការស្លាប់ប្រហែល៤,៩៥លាននាក់ ។ ការសិក្សាបានវិភាគទិន្នន័យពីប្រទេស និងដែនដីចំនួន២០៤ ។
Chris Murray សហអ្នកនិពន្ធនៃការសិក្សា និងជាសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ Washington បានលើកឡើងថា “ទិន្នន័យថ្មីទាំងនេះបង្ហាញពីទំហំពិតនៃភាពធន់នឹងថ្នាំសម្លាប់មេរោគនៅទូទាំងពិភពលោក… ការប៉ាន់ប្រមាណពីមុនបានព្យាករណ៍ថា នឹងមានអ្នកស្លាប់ប្រចាំឆ្នាំចំនួន១០លាននាក់ពី AMR នៅឆ្នាំ២០៥០ ប៉ុន្តែឥឡូវនេះ យើងដឹងច្បាស់ថា យើងខិតទៅជិតតួរលេខនោះច្រើនជាងអ្វីដែលយើងគិត” ។
គួររំលឹកថា កាលពីឆ្នាំមុន អង្គការសុខភាពពិភពលោកបានព្រមានថា គ្មានថ្នាំអង់ទីប៊ីយោទិកចំនួន៤៣មុខ ដែលកំពុងអភិវឌ្ឍ ឬថ្នាំដែលត្រូវបានអនុម័តថ្មីៗនេះ គ្រប់គ្រាន់ដើម្បីទប់ទល់នឹងភាពស៊ាំនឹងថ្នាំសម្លាប់មេរោគនោះទេ ៕ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា