ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក ស្នើឲ្យរុស្ស៊ីដោះលែង ពលរដ្ឋអាមេរិក ២រូប នៅក្នុងកិច្ចពិភាក្សា ទីក្រុងហ្សឺណែវ

បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នៅថ្ងៃសុក្រនេះ បានលើកឡើងពីរឿងលោក Paul Whelan និងលោក Trevor Reed ដែលជាពលរដ្ឋអាមេរិកពីររូបជាប់ឃុំ នៅក្នុងប្រទេសរុស្ស៊ី និងបានលើកឡើងជាថ្មី នូវសំណើរបស់ទីក្រុងវ៉ាស៊ីនតោន ឲ្យដោះលែងពួកគេ នៅក្នុងអំឡុងកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ក្នុងទីក្រុងហ្សឺណែវ។

តាមសេចក្តីរាយការណ៍ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី និងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានជួបគ្នានៅក្នុងទីក្រុង របស់ប្រទេសស្វីស ស្របពេលដែលមាន ភាពតានតឹងកើនឡើង ជុំវិញបញ្ហាអ៊ុយក្រែន ក្រោយកិច្ចពិភាក្សាគ្នារវាងភាគីតំណាង របស់ប្រទេសទាំងពីរ កាលពីសប្ដាហ៍មុន បានបរាជ័យមិនសម្រេចបានផ្លែផ្កា។

ក្នុងសេចក្តីថ្លែងការណ៍ដោយចំហ ក្នុងទីចំពោះមុខអ្នកសារព័ត៌មាន លោក Antony Blinken បានប្រាប់លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ីថា រួមជាមួយការប្រមូលផ្តុំយោធា របស់ប្រទេសរុស្ស៊ីនៅជិតព្រំដែន ជាប់ប្រទេសអ៊ុយក្រែននោះ លោកក៏នឹងពិភាក្សាអំពីករណី ជនជាតិអាមេរិកទាំងពីររូប នៅក្នុងអំឡុងជំនួបនោះផងដែរ។

យោងតាមការចេញផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់ថា ជនជាតិអាមេរិកទាំងពីរនាក់នោះ គឺជាអ្នកទេសចរក្នុងប្រទេសរុស្ស៊ី ត្រូវបានចាប់ខ្លួន និងកាត់ទោសដោយគ្មានភស្តុតាង អាចជឿជាក់បាន ហើយលោកបន្តថា “ជាថ្មីម្តងទៀត យើងស្នើឲ្យរុស្ស៊ី ធ្វើរឿងត្រឹមត្រូវនិងដោះលែងពួកគេ ឲ្យត្រឡប់មកប្រទេសវិញ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top