ព័ត៌មានអន្តរជាតិ

ជប៉ុន ពង្រីកការរឹតត្បិតជំងឺកូវីដ-១៩ លើកងទ័ពអាមេរិក នៅក្នុងប្រទេស ១សប្ដាហ៍ទៀត

តូក្យូ ៖ កងកម្លាំងសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន បានឲ្យដឹងថា ខ្លួនបានសម្រេចចិត្តបន្តការ រឹតបន្តឹងលើជំងឺកូវីដ-១៩ លើសកម្មភាពបុគ្គលិក របស់ខ្លួននៅខាងក្រៅមូលដ្ឋាន នៅក្នុងប្រទេសជប៉ុន ក្នុងរយៈពេល ១សប្តាហ៍ទៀត រហូតដល់ចុងខែមករា។

កងកម្លាំងសហរដ្ឋអាមេរិក ប្រចាំនៅជប៉ុនបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើង “ដោយសារតែការបន្តកើនឡើង នៃករណីជំងឺកូវីដ-១៩ នៅទូទាំង ប្រទេសជប៉ុន” ដែលត្រូវបានជំរុញ ដោយការរីករាលដាលយ៉ាង ឆាប់រហ័ស នៃប្រភេទអូមីក្រុង។

វិធានការនេះត្រូវបាន អនុវត្តចាប់តាំងពីថ្ងៃទី១០ ខែមករា បន្ទាប់ពីការកើនឡើង នៃការឆ្លងមេរោគក្នុងចំណោមបុគ្គលិកយោធា អាមេរិកនៅក្នុងខេត្តដូចជា Okinawa និង Yamaguchi នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌ក្យូដូជប៉ុន ។

គួរបញ្ជាក់ថា ចង្កោមនៃករណីកូវីដ-១៩ នៅឯមូលដ្ឋានយោធាអាមេរិកក្នុងខេត្ត ដែលទទួលមូលដ្ឋានទ័ពអាមេរិក ត្រូវបានរាយការណ៍ចាប់តាំងពីខែមុន។

ការកើនឡើងនៃករណីថ្មីនេះបានជំរុញឱ្យរដ្ឋមន្ត្រីការបរទេសជប៉ុន លោក Yoshimasa Hayashi សុំឱ្យភាគីសហរដ្ឋអាមេរិក កាលពីដើមខែនេះ ដើម្បីដាក់បម្រាមគោចរ នៅមូលដ្ឋានយោធាអាមេរិក ក្នុងប្រទេសជប៉ុន ។

នៅក្រោមវិធានការនេះ ចលនារបស់បុគ្គលិកយោធា នៅខាងក្រៅកន្លែងយោធាត្រូវបានដាក់កម្រិត ចំពោះសកម្មភាពសំខាន់ៗ ហើយការពាក់ម៉ាស់ គឺត្រូវបានទាមទារសូម្បីតែនៅលើមូលដ្ឋានក៏ដោយ ។

ការពន្យារពេលនេះកើតឡើង មុនពេលកិច្ចប្រជុំនិម្មិត នៅពេលក្រោយក្នុងថ្ងៃ រវាងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតី សហរដ្ឋអាមេរិក លោក ចូ បៃដិន ដែលជាកិច្ចប្រជុំកំពូលផ្លូវការ លើកដំបូងរវាងមេដឹកនាំទាំងពីរចាប់តាំងពីលោក គីស៊ីដា ចូលកាន់តំណែងក្នុងខែតុលា ៕

ដោយ ឈូក បូរ៉ា

To Top