បរទេស ៖ រដ្ឋបាលលោក Biden កំពុងពន្លឿនការផ្ទេរ ឧទ្ធម្ភាគចក្រ ដឹកជញ្ជូនចំនួន ៥ គ្រឿងទៅកាន់ទីក្រុងគៀវ ខណៈដែលរដ្ឋាភិបាលទីក្រុង វ៉ាស៊ីនតោន បានទទូចថា រដ្ឋាភិបាល ទីក្រុងមូស្គូហៀបនឹង “វាយលុក” ទៅលើ អ៊ុយក្រែន នៅថ្ងៃណាមួយ ។ ឧទ្ធម្ភាគចក្រ Mi-17 ដើមឡើយត្រូវបានទិញ ពីប្រទេសរុស្ស៊ី ហើយមានបំណង សម្រាប់រដ្ឋាភិបាល ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅអាហ្វហ្គានីស្ថាន មុនពេលអាមេរិក ចុះចាញ់ក្រុមតាលីបង់ កាលពីខែសីហាឆ្នាំមុន ។
យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លេខាធិការសារព័ត៌មាន សេតវិមានលោកស្រី Jen Psaki បានបញ្ជាក់កាលពីថ្ងៃសុក្រថា សភាត្រូវបានជូនដំណឹង អំពីការបញ្ជូនឧទ្ធម្ភាគចក្រនេះ នឹងត្រូវបានធ្វើឡើង ក្រោមកម្មវិធី Excess Defense Articles ។ ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នេះគឺជា “ការបញ្ជូនលឿនបំផុតមិនធ្លាប់មាន” សម្រាប់រដ្ឋាភិបាល សហរដ្ឋអាមេរិក។
ឧទ្ធម្ភាគចក្រទាំងនោះ មាននៅក្នុងអ៊ុយក្រែនរួចហើយ ដែលកំពុង បម្រើពួកគេក្នុងនាមមន្ទីរបញ្ចកោណ ហើយត្រូវបានគេសន្មត់ថា នឹងបញ្ជូនទៅប្រទេស អាហ្វហ្គានីស្ថាន រហូតដល់ការកាន់ កាប់របស់ក្រុមតាលីបង់ បានរំខានដល់ផែនការទាំងនោះ។ រដ្ឋមន្ត្រីការពារជាតិ អ៊ុយក្រែន លោក Alexey Reznikov បានស្នើសុំឧទ្ធម្ភាគចក្រ ទាំងនេះ ពីមន្ទីរប៉ង់តាហ្គោន កាលពីចុងខែវិច្ឆិកា រួមជាមួយនឹងសម្ភារៈសឹកផ្សេងទៀតផងដែរ ដែលផ្តល់ជូន សម្រាប់កង ទ័ពអាហ្វហ្គានីស្ថាន ដែលលែងដំណើរការទៅហើយ, នេះបើតាមគោលនយោបាយ ការបរទេសបានរាយការណ៍ កាលពីខែមុន៕
ប្រែសម្រួលៈ ណៃ តុលា