អ.ស.ប៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ថា អង្គការសហប្រជាជាតិ (UN) បានថ្កោលទោសទៅលើការវាយប្រហារ តាមអាកាសត្រូវចំមជ្ឈមណ្ឌលឃុំឃាំងអ្នកទោស នៅក្នុងប្រទេសយេមែន ដែលបានសម្លាប់មនុស្សជាង៧០នាក់ ។
ទីតាំងនៅ Saada ដែលជាទីតាំងដ៏រឹងមាំ នៃចលនាឧទ្ទាម ហួធី (Houthi) ស្ថិតនៅភាគពាយ័ព្យប្រទេសយេមែន ត្រូវបានវាយប្រហារកាលពីថ្ងៃសុក្រ ។
លោក Antonio Guterres អគ្គលេខាធិការអង្គការ សហប្រជាជាតិ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកើនឡើងចាំបាច់ត្រូវបញ្ឈប់” ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសៅរ៍នេះ ក្រុមចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត ប្រយុទ្ធនឹងក្រុមឧទ្ទាម Houthi នៅក្នុងប្រទេសបានបដិសេធថា ខ្លួនមិនបានធ្វើការវាយប្រហារតាមអាកាសនោះទេ ។
ក្រុមចម្រុះក៏បានលើកឡើងផងដែរថា ទីតាំងនេះមិនស្ថិតក្នុងបញ្ជីគោលដៅ ដើម្បីជៀសវាងដែលត្រូវបានយល់ព្រមជាមួយអង្គការសហប្រជាជាតិ ហើយមិនត្រូវបានរាយការណ៍ ដោយកាកបាទក្រហមឡើយ ។
កងកម្លាំងចម្រុះដឹកនាំដោយអារ៉ាប៊ីសាអូឌីត បានប្រយុទ្ធជាមួយក្រុមឧទ្ទាម Houthi ចាប់តាំងពីឆ្នាំ២០១៥ ។ ជនស៊ីវិលរាប់ម៉ឺននាក់ រួមទាំងកុមារជាង ១០.០០០នាក់ត្រូវបានសម្លាប់ ឬរងរបួសជាលទ្ធផលដោយផ្ទាល់ នៃការប្រយុទ្ធគ្នា៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា