បរទេស៖ ជាផ្នែកនៃកិច្ចប្រឹងប្រែង ស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែ អន្តរជាតិមួយ ប្រទេសអ៊ីរ៉ង់ឡើងវិញនោះ ប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានពិភាក្សាពីភាពអាចទៅរួច នៃការបង្កើតកិច្ចព្រមព្រៀងបណ្ដោះអាសន្ន ជាមួយប្រទេសអ៊ីរ៉ង់ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ដែលនឹងរួមមានទាំងការបន្ធូរបន្ថយទណ្ឌកម្មមានកម្រិត ជាថ្នូរសម្រាប់ការដាក់ជាថ្មី នូវការរឹតបន្តឹងខ្លះៗ លើកម្មវិធីនុយក្លេអ៊ែរបស់ទីក្រុងតេអេរ៉ង់។
តាមសេចក្តីរាយការណ៍ សហរដ្ឋអាមេរិក បានដឹងពីសំណើររបស់រុស្ស៊ីចំពោះអ៊ីរ៉ង់ ដែលធ្វើឡើងស្របពេលមានក្តីព្រួយបារម្ភកើនឡើង នៅក្នុងរដ្ឋបាលលោក បៃដិនថា ពេលវេលាកំពុងតែអស់ ចំពោះកិច្ចចរចារវាងអ៊ីរ៉ង់ និងមហាអំណាចពិភពលោក ជុំវិញការវិលត្រឡប់មកអនុវត្តវិញទាំងស្រុង តាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។
ស្របពេលដែលមន្ត្រីនិងប្រជាជន ដែលដឹងពីកិច្ចពិភាក្សាគ្នានោះ បាននិយាយថា កិច្ចពិភាក្សារបស់រុស្ស៊ីជាមួយអ៊ីរ៉ង់ ស្តីពីកិច្ចប្រមព្រៀងបណ្ដោះអាសន្ន ត្រូវបានធ្វើឡើងដោយអាមេរិក ក៏បានដឹងដែរនោះ មន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលលោក បៃដិន ដកអាមេរិកឲ្យឆ្ងាយ ពីកិច្ចប្រឹងប្រែងរបស់រុស្ស៊ី។
តែក្រុមមន្ត្រីនិងអ្នកដឹងពីកិច្ចពិភាក្សាគ្នានោះ បាននិយាយថា រហូតមកទល់ពេលបច្ចុប្បន្ននេះ អ៊ីរ៉ង់បានច្រានចោលសំណើ ដែលបង្ហាញដោយរុស្ស៊ីនោះ។ បេសកកម្មអចិន្ត្រៃយ៍អ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា ទីក្រុងតេអេរ៉ង់ មិនចង់បានកិច្ចព្រមព្រៀងបណ្ដោះអាសន្ននោះទេ និងបានបដិសេធមិនពិភាក្សាពីភាពជាក់លាក់ នៃសំណើររបស់រុស្ស៊ីនោះទេ៕ ប្រែសម្រួល៖ប៉ាង កុង