បរទេស ៖ ក្រោយអង់គ្លេស ចោទប្រកាន់វិមានក្រឹមឡាំង ពីបទព្យាយាមបង្កើត មេដឹកនាំគាំទ្ររុស្ស៊ី នៅអ៊ុយក្រែននោះ មន្ត្រីជាន់ខ្ពស់អង់គ្លេសមួយរូប បាននិយាយនៅថ្ងៃអាទិត្យនេះថា ប្រទេសរុស្ស៊ី នឹងប្រឈមមុខ ចំពោះទណ្ឌកម្មសេដ្ឋកិច្ចធ្ងន់ធ្ងរ ប្រសិនបើហ៊ានបង្កើត រដ្ឋាភិបាលអាយ៉ង នៅក្នុងប្រទេសអ៊ុយក្រែន ។
ប្រទេសអង់គ្លេស តាមសេចក្តីរាយការណ៍ បានធ្វើការចោទប្រកាន់ ចំពោះប្រទេសរុស្ស៊ី នៅយប់ថ្ងៃសៅរ៍ ដោយនិយាយថា មន្ត្រីស៊ើបការណ៍សម្ងាត់រុស្ស៊ី បាននិងកំពុងតែធ្វើការ ទំនាក់ទំនងគ្នាជាមួយអតីត អ្នកនយោបាយអ៊ុយក្រែនជាច្រើន ដែលនោះជាផ្នែក នៃផែនការឈ្លានពានរបស់ខ្លួន ។
ក្រសួងការបរទេស នៃប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ បានធ្វើការច្រានចោលការនិយាយរបស់ក្រុមមន្ត្រី អង់គ្លេសនោះ ថាជាការក្លែងបន្លំព័ត៌មាន និងចោទប្រកាន់ប្រទេស អង់គ្លេសនិងអង្គការសម្ពន្ធមិត្តយោធាណាតូ ពីបទធ្វើឲ្យភាពតានតឹងកើន កម្តៅខ្លាំងឡើង ជុំវិញបញ្ហាប្រទេស អ៊ុយក្រែន។
ឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោក Dominic Raab នៅថ្ងៃអាទិត្យនេះ បាននិយាយប្រាប់ទីភ្នាក់ងារ សារព័ត៌មាន Sky News យ៉ាងដូច្នេះថា “នឹងមានផលវិបាកដ៏ធ្ងន់ធ្ងរខ្លាំង ប្រសិនបើប្រទេសរុស្ស៊ី ចាប់យកដំណើរនេះ ដើម្បីព្យាយាមធ្វើការ ឈ្លានពាន ក្រៅពីនោះក៏បង្កើត របបអាយ៉ងផងដែរ”៕
ប្រែសម្រួល៖ប៉ាង កុង