សិង្ហបុរី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ថា ប្រទេសសិង្ហបុរី បានរាយការណ៍ពីករណី ឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន៣.០០២ករណី កាលពីថ្ងៃចន្ទ ដែលនាំឱ្យចំនួនអ្នកឆ្លងសរុបកើនដល់ ៣១៦.៧៧៤នាក់ ។
ក្នុងចំណោមករណីថ្មី ១.៣៦៥ករណី ត្រូវបានរកឃើញតាមរយៈការធ្វើតេស្ត PCR (ប្រតិកម្មខ្សែសង្វាក់វត្ថុធាតុ polymerase) និង១.៦៣៧នាក់ តាមរយៈការធ្វើតេស្តអង់ទីហ្សែនរហ័ស (ART) នេះបើយោងតាមស្ថិតិដែលចេញផ្សាយ ដោយក្រសួងសុខាភិបាល ។
ក្នុងចំណោមករណី PCR ៩៩៤នាក់ គឺជាករណីឆ្លងក្នុងស្រុក និង៣៧១ករណី ត្រូវបាននាំចូលពីខាងក្រៅ ។ ក្នុងចំណោមករណី ART ដែលមានរោគសញ្ញាស្រាល ហើយត្រូវបានវាយតម្លៃថា មានហានិភ័យទាប មានការឆ្លងក្នុងស្រុកចំនួន ១.៦៣០នាក់ និងករណីនាំចូលចំនួន ៧នាក់ ។
បច្ចុប្បន្ននេះករណីសរុបចំនួន ៤៧៨នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ក្នុងនោះមាន១១ករណី ស្ថិតនៅក្នុងបន្ទប់ថែទាំអ្នកជំងឺ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា
