ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន​​ ៖ រដ្ឋប្រហារ មិនទាចទទួលយកបាននោះទេ ក្នុងសតវត្សទី២១

យូអិន ៖ អគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា រដ្ឋប្រហារយោធា មិនអាចទទួលយកបាននោះទេ ក្នុងសតវត្សទី២១ ខណៈដែលនិយាយយ៉ាងខ្លី អំពីរដ្ឋប្រហារយោធា ដែលបានកើតឡើងនៅ ក្នុងប្រទេស អាហ្វ្រិកខាងលិច នៃប្រទេស ប៊ូគីណាហ្វាសូ កាលពីមួយថ្ងៃមុននេះ ។

អគ្គលេខាធិការអង្គការសហប្រជាជាតិ បានប្រាប់អ្នកយកព័ត៌មាន នៅឯទីស្នាក់ការកណ្តាល របស់អង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉កថា “សង្គមប្រជាធិបតេយ្យ គឺជាតម្លៃដែលត្រូវតែរក្សា។ រដ្ឋប្រហារយោធា មិនអាចទទួលយកបាននោះទេ ក្នុងសតវត្សទី២១” ។

មន្ត្រីកំពូលរបស់អង្គការសហប្រជាជាតិ បានលើកឡើងថា លោកមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះរដ្ឋប្រហារនាពេលថ្មីៗនេះនៅប្រទេសប៊ូគីណាហ្វាសូ ដោយកត់សម្គាល់ថា “តួនាទីរបស់យោធាត្រូវតែការពារប្រទេស និងប្រជាជនរបស់ពួកគេ មិនមែន ដើម្បីវាយប្រហាររដ្ឋាភិបាលរបស់ពួកគេ និងដើម្បីប្រយុទ្ធដណ្តើម អំណាចនោះទេ ។ “

លោក Guterres បានសង្កត់ធ្ងន់ថា “ជាអកុសល យើងមាននៅក្នុងតំបន់ ក្រុមភេរវករ មានការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ ការអំពាវនាវរបស់ខ្ញុំ គឺសម្រាប់កងទ័ពនៃប្រទេសទាំងនេះ ក្នុងការបំពេញតួនាទីជាកងទ័ពប្រកបដោយវិជ្ជាជីវៈ ដើម្បីការពារប្រទេសរបស់ពួកគេ និងបង្កើតស្ថាប័នប្រជាធិបតេយ្យឡើងវិញ” ៕
ដោយ ឈូក បូរ៉ា

To Top