ព័ត៌មានអន្តរជាតិ

ទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រីថៃ ទៅកាន់អារ៉ាប៊ីសាអូឌីត បានបើកឱកាសឡើងវិញ សម្រាប់ពលករថៃ ខណៈអារ៉ាប៊ីសាអូឌីត ត្រូវការពលករ ជំនាញ៨លាននាក់

បរទេស ៖ អ្នកនាំពាក្យរងរដ្ឋាភិបាល គឺលោកស្រី Ratchada Dhnadirek បាននិយាយថា ដំណើរទស្សនកិច្ចផ្លូវការ របស់នាយករដ្ឋមន្ត្រី Prayut Chan-o-cha ទៅកាន់ប្រទេសអារ៉ាប៊ីសាអូឌីត បានបើកឱកាសឡើងវិញ សម្រាប់ពលករថៃ ក្នុងប្រទេសមជ្ឈិមបូព៌ាមួយនេះ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Ratchada បាននិយាយបន្ទាប់ ពីកិច្ចប្រជុំកាលពីថ្ងៃអង្គាររវាង រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Suchart Chomklin និងលោក Ahmad bin Sulaiman Alrajhi រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងអភិវឌ្ឍន៍សង្គម អារ៉ាប៊ីសាអូឌីត នៅវិមាន Al-Yamamah។

រដ្ឋមន្ត្រីទាំងពីរបានពិភាក្សា អំពីកិច្ចសហប្រតិបត្តិការលើវិស័យ ការងាររវាងប្រទេសទាំងពីរ ។ លោក Ahmad bin Sulaiman Alrajhi បានជម្រាបជូនលោក Suchart ថា ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត Mohammed bin Salman បានណែនាំឱ្យក្រសួងធនធានមនុស្ស និងអភិវឌ្ឍន៍សង្គម ស្វែងរកកម្មករជំនាញ ដោយកំណត់ គោលដៅចំនួន ៨លាននាក់ ។

ប្រទេស អារ៉ាប៊ីសាអូឌីត ចង់ឱ្យ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសថៃ ចាប់ផ្តើមឱ្យបានឆាប់ តាមដែលអាចធ្វើបាន ជាពិសេសស្វែងរកកម្មករ ជំនាញ ក្នុង ឧស្សាហកម្មសេវាកម្ម សណ្ឋាគារ និងសុខភាព និងការសាង សង់គម្រោងធំ ដែលប្រទេសថៃមានសក្តានុពល ក្នុងការផ្តល់៕

ប្រែសម្រួលៈ ណៃ តុលា

To Top