ព័ត៌មានអន្តរជាតិ

បទវិភាគ៖​ រយៈពេល​មួយឆ្នាំ​ដែល​លោក​ Joe Biden ឡើងកាន់​មុខតំណែង​ ជា​ប្រធានាធិបតី​អាមេរិក៖​ “សហរដ្ឋអាមេរិក​ មិនបាន​ត្រឡប់​មកវិញ​នោះទេ”​​​

ចាប់តាំងពី​លោក​ Joe ​Biden ​ឡើងកាន់​មុខតំណែង ​ជាប្រធានាធិបតី​អាមេរិក​អស់ ​រយៈពេល​ជាង​មួយឆ្នាំ​កន្លងមកនេះ ​អត្រាគាំទ្រ​របស់​លោកបាន ​ធ្លាក់ចុះ​ឥត​ឈប់ឈរ​ ធ្វើឱ្យ​លោក​ក្លាយជា ​“ប្រធានាធិបតី​ដ៏ទន់ខ្សោយ​” មុន​កាលកំណត់​។ តាម​លទ្ធផលនៃ​ការស្ទង់​ ប្រជាមតិ​ដែល​សកលវិទ្យាល័យ​ Quinnipiac ​របស់​សហរដ្ឋអាមេរិក​បាន​ប្រកាស​ឱ្យដឹងថា ​អត្រាគាំទ្រ​របស់​លោក​ Joe ​Biden ​មាន​ត្រឹមតែ​៣៣​ភាគរយ​ប៉ុណ្ណោះ​ ដែលបាន​បំបែក​កំណត់ត្រា​ទាបបំផុត​ ពោលគឺ​ធ្វើឱ្យ​លោក​ក្លាយជា​ប្រធានាធិបតី​មួយរូប​​ក្នុង​ចំណោម​ប្រធានាធិបតី​ ដែល​មិនត្រូវ​ប្រជាជន​ស្វាគមន៍​បំផុត ​ក្នុងប្រវត្តិសាស្ត្រ​សហរដ្ឋអាមេរិក ។

លោក​ Joe ​Biden​ បាន​ប្រែមកជា​“ទន់ខ្សោយ​” គឺមកពី​កត្តា​ច្រើន​យ៉ាង​លាយឡំគ្នា ​ហើយ​ក៏បាន​បង្ហាញពី​គុណវិបត្តិ​ទូទៅ​ មួយចំនួន​ក្នុងវិស័យ​នយោបាយ ​​បក្ស​ទាំងពីរ​និង​អភិបាលកិច្ច​ក្នុងសង្គម ​របស់​សហរដ្ឋអាមេរិក​ផងដែរ ។

ប្រឈមមុខ​នឹងវីរុស​បម្លែងថ្មី​ប្រភេទ ​Omicron ​ដែល​មាន​សភាព​រាតត្បាតខ្លាំង ​និង​បាន​វាយទម្លុះ​របាំង​ការពារ​ នៃ​វ៉ាក់សាំង​កូវីដ១៩ ​រដ្ឋាភិបាល​របស់​លោក ​Joe ​Biden ​​មិនបាន​ត្រៀមខ្លួន​ជាមុន​និង​ទាន់​ពេលវេលា ​ដែល​បណ្តាលឱ្យ​ការផ្គត់ផ្គង់​ ឧបករណ៍​ធ្វើតេស្ត​វីរុស និង​ម៉ាស​ដែលមាន​គុណភាព​ខ្ពស់​ ជាដើម​ខ្វះខាត​យ៉ាង​ធ្ងន់ធ្ងរ​ និង​បាន​ចំណាយ​ពេលវេលា​អស់​ជាច្រើន​ ។ ​បច្ចុប្បន្ននេះ​ ​ការរីករាលដាល​នៃ​ជំងឺកូវីដ​១៩ នៅ​សហរដ្ឋអាមេរិក​មាន​ភាព ធ្ងន់ធ្ងរ​ជាង​​ពេល​ណាៗ​ទាំងអស់ ​ក្នុង​រយៈពេល​ពីរឆ្នាំ​កន្លង​ទៅនេះ ​ពោលគឺ​​​ករណី​ឆ្លងថ្មី ​ករណី​សម្រាក​ក្នុង​មន្ទីរពេទ្យ​ និង​​ករណី​ស្លាប់​​មានចំនួន​ បន្ត​កើនឡើង​ឥតឈប់ឈរ​ មន្ទីរពេទ្យ​ក្នុង​តំបន់​ជាច្រើន ​បាន​ដំណើរការ​ហួសពី​សមត្ថភាព។

ចំណែក​ខាង​វិស័យ ​​“ធ្វើឱ្យ​សហរដ្ឋអាមេរិក​​សាមគ្គីគ្នា​” វិញ ​លោក Joe ​Biden ​ក៏ខ្វះ​សមត្ថភាព​គ្រប់គ្រាន់​ដែរ ។ ​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លង​ទៅនេះ ​បក្ស​ទាំងពីរ​របស់​សហរដ្ឋអាមេរិក​កាន់តែ​បដិបក្ខគ្នា​ សភាព​​ជាប់គាំង​ផ្នែក​នីតិបញ្ញតិ ​នៃ​រដ្ឋសភា​ក៏កាន់តែ​ពិបាក​ដោះស្រាយ​ ការបែកបាក់​ក្នុង​សង្គម​និង​​​ការ មិន​ជឿទុកចិត្ត​ចំពោះ​រដ្ឋាភិបាល​និងប្រព័ន្ធ​សារព័ត៌មាន​របស់​ ប្រជាជន​កាន់តែ​ខ្លាំងឡើង​ៗ ​ហើយ​ផ្នែកការទូត​និង​សេដ្ឋកិច្ច ​ក៏ទទួល​បរាជ័យដែរ ។

ក្នុងវិស័យ​សេដ្ឋកិច្ច​ ពិតមែនតែ​ក្នុង​រយៈពេល​មួយឆ្នាំ​ កន្លងមក​បន្ទាប់ពី​លោក​ Joe ​Biden ​​ឡើង​កាន់​មុខតំណែង​ ប្រាក់ខែ​នៅ​សហរដ្ឋអាមេរិក​ បាន​កើនឡើង​ជាទូទៅ ​សហគ្រាសថ្មី​បាន​លេចចេញ​ជាច្រើន​ និង​កម្រិត​ភាពក្រីក្រ​បាន​ធ្លាក់ចុះ​ក៏ដោយ ​ក៏ប៉ុន្តែ​ភាពបរាជ័យ​ធំទាំងពីរ ​ពោលគឺ ​វិបត្តិខ្សែ​សង្វាក់​ផ្គត់ផ្គង់ ​និង​អត្រា​អតិផរណា​កើនខ្ពស់​​ជាបន្តបន្ទាប់​ សឹងតែ​ធ្វើឱ្យ​សមិទ្ធផល​ដែល ​រដ្ឋាភិបាល​របស់​លោក ​Joe ​Biden ​​ទទួលបាន​ខាង​វិស័យ​សេដ្ឋកិច្ច​ និង​ជីវភាព​រស់នៅ​របស់​ ប្រជាជន​ត្រូវបាន​លិចលង់។

ក្នុងវិស័យ​ការទូត ​លោក​ Joe ​Biden ​ក៏មិនបាន​បង្កើត​រូបភាពជា​ “មេដឹកនាំ​ខ្លាំងពូកែ​”នោះដែរ​ ។ ​កាលពី​ចុងខែ​សីហា​ឆ្នាំ២០២១​ សហរដ្ឋអាមេរិក​បាន​ដកទ័ព​ចេញពី​អាហ្វហ្កានីស្ថាន​យ៉ាង​ប្រញាប់​ប្រញាល់​ អង្គការ​តាលីបង់​កាន់អំណាច ​ជាតិ​សារជាថ្មី​ឡើងវិញ ​ដំណោះស្រាយ​ដែល​ដកទ័ព​ចេញ របស់​រដ្ឋាភិបាល​របស់​លោក ​Joe ​Biden ​ស្ទើរតែ​ត្រូវគេ​ទទួល​ស្គាល់​ជាទូទៅ​ថា ជា​ភាពបរាជ័យ​ដ៏ធ្ងន់ធ្ងរ ​។ ​សហរដ្ឋអាមេរិក​បញ្ចប់​សង្គ្រាម នៅ​អាហ្វហ្កានីស្ថាន​ យ៉ាង​លំបាក​លំបិន​បែបនេះ​ មិនត្រឹមតែ​បំផ្លាញ​កិត្តិយស​សហរដ្ឋអាមេរិក​និងធ្វើឱ្យ​សម្ព័ន្ធមិត្ត​ បាត់បង់​ទំនុកចិត្ត​ប៉ុណ្ណោះទេ​ ថែមទាំង​ក៏នាំឱ្យ​សមត្ថភាព ​ដឹកនាំរបស់​លោក ​Joe ​Biden ​រងការសង្ស័យ​យ៉ាងខ្លាំង​ផងដែរ ​ដែល​ក្លាយជា​ចំណុច​របត់​មួយនៃ​អត្រាគាំទ្រ​ ក្នុង​ការស្ទង់​ប្រជាមតិ​របស់​លោក​ Joe ​Biden ។

បើមើលពី​រយៈពេល​មួយឆ្នាំកន្លង​ទៅនេះ ​លោក ​Joe ​Biden ​ជំនួស​លោកត្រាំ​ចូល​កាន់​អំណាច​ក្នុង​សេតវិមាន​​ គឺមិន​អាច​នាំឱ្យ​ពិភពលោក​ឃើញ​ ការលើកកម្ពស់​កិត្តិយស​របស់​សហរដ្ឋអាមេរិក​នោះទេ ។​ ឆ្នាំនេះ​ជាឆ្នាំ​បោះឆ្នោត​ដំណាក់កាល ​កណ្តាល​របស់​សហរដ្ឋអាមេរិក​ អ្នកជំនាញ​បាន​សម្គាល់​ជាទូទៅថា ​បក្ស​សាធារណរដ្ឋ​មាន​លទ្ធភាព​ខ្ពស់​ណាស់​ដែល​អាច​ដណ្តើមយក​ ឋានៈជា​បក្ស​ភាគច្រើន​យ៉ាង​ហោច​ណាស់ ​ក្នុង​សភាមួយ​នៃរដ្ឋសភា​ក្នុង​ការ បោះឆ្នោត​ដំណាក់កាល​កណ្តាល​ នេះ​គឺមាន​ន័យថា​ លោក ​Joe ​Biden ​នឹង​មានឋានៈ​កាន់តែ​ទន់ខ្សោយ ​ក្នុង​រយៈពេល​ពាក់កណ្តាល ​ខាង​ក្រោយនៃ​អាណត្តិ​របស់ខ្លួន ៕

To Top