បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ តាមសេចក្តីរាយការណ៍ បានឈានជើងចូលក្នុងជម្លោះរបស់ចិន ជាមួយប្រទេសលីទុយអានី ដោយប្រកាសថា ខ្លួនបានប្តឹងមហាយក្សអាស៊ី ទៅអង្គការពាណិជ្ជកម្មពិភពលោក ជុំវិញការអនុវត្តពាណិជ្ជកម្មរើសអើង ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់។
កាលពីខែសីហាឆ្នាំមិញ ប្រទេសចិនបានកោះហៅ ប្រេសិតការទូតជាន់ខ្ពស់ប្រចាំ នៅប្រទេសលីទុយអានី របស់ខ្លួនវិលត្រឡប់វិញ និងបានទាមទារឲ្យទីក្រុង Vilnius កោះហៅត្រឡប់វិញ នូវឯកអគ្គរដ្ឋទូតលីទុយអានី ប្រចាំនៅទីក្រុងប៉េកាំង ក្នុងដំណើរឆ្លើយតបចំពោះការ សម្រេចចិត្តរបស់លីទុយអានី បង្កើនចំណងមិត្តភាពជាមួយកោះតៃវ៉ាន់។
នៅថ្ងៃព្រហស្បតិ៍នេះ សហភាពអឺរ៉ុបបានចោទ ប្រកាន់ប្រទេសចិន ពីបទអនុវត្តជំនួញរើសអើង ចំពោះប្រទេសលីទុយ ដែលធ្វើឲ្យប៉ះពាល់ដល់ ទីផ្សារតែមួយរបស់អឺរ៉ុប។ ប្រទេសលីទុយអានី តាមសេចក្តីរាយការណ៍ បានចូលរួមជាមួយសហភាពអឺរ៉ុប នៅក្នុងឆ្នាំ២០០៤។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សហភាពអឺរ៉ុបបាននិយាយប្រាប់ថា “ចំណាត់ការដែលហាក់ជា ការរើសអើង និងមិនស្របច្បាប់ ក្រោមក្រឹតក្រមអង្គការ ពាណិជ្ជកម្មទាំងនេះ កំពុងតែធ្វើឲ្យប៉ះពាល់ ដល់ក្រុមហ៊ុននាំចេញ ទាំងនៅក្នុងប្រទេសលីទុយអានី និងទីផ្សេងទៀតនៅសហភាពអឺរ៉ុប ព្រោះវាក៏ផ្តោតគោលដៅលើ ផលិតផលមានមាតិកាលីទុយអានី ដែលនាំចេញពីបណ្ដាប្រទេស សហភាពអឺរ៉ុបផ្សេងទៀត” ៕
ប្រែសម្រួល៖ ប៉ាង កុង