បរទេស៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយប្រាប់ថា សហរដ្ឋអាមេរិកបានផ្តល់លិខិតមួយ ឲ្យទៅទីក្រុងមូស្គូនៅថ្ងៃពុធសប្ដាហ៍នេះ ដោយបង្ហាញផ្លូវការទូតមួយ ដើម្បីបញ្ចៀសសង្គ្រាម ស្របពេលដែលរុស្ស៊ីប្រមូលផ្តុំ កងទ័ពនៅតាមព្រំដែនប្រទេសអ៊ុយក្រែន។
នៅក្នុងសន្និសីទកាសែតមួយ របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិកប្តេជ្ញារក្សា និងការពារអធិបតេយ្យភាព របស់ប្រទេសអ៊ុយក្រែន នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI។

“យើងពេញចិត្តការចរចា តាមបែបការទូតជាង ហើយនឹងត្រៀមបន្តទៅកាន់ទី ដែលមានភាពអាចទៅរួចនៃ សហប្រតិបត្តិការទំនាក់ទំនងគ្នា ប្រសិនបើរុស្ស៊ីបោះបង់ភាព គឃ្លើនរបស់ខ្លួនចំពោះប្រទេសអ៊ុយក្រែន ឈប់ប្រើវោហារសាស្ត្រដុតរោល និងចូលមករកការពិភាក្សាគ្នា ស្តីពីសន្តិសុខអនាគតក្នុងតំបន់អឺរ៉ុប ដោយស្មារតីទៅវិញទៅមក”។
លោករដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានមានប្រសាសន៍ប្រាប់ថា ឯកសារដែលបានបញ្ជូនទៅឲ្យ ក្រសួងការបរទេសរបស់ប្រទេសរុស្ស៊ី រួមបញ្ចូលទាំងការចូលរួម ពីប្រទេសអ៊ុយក្រែន និងសម្ពន្ធមិត្តនិងដៃគូអឺរ៉ុបនានា ៕
ប្រែសម្រួល៖ ប៉ាង កុង
