Covid-19

អាមេរិក បានចែករំលែកថ្នាំ វ៉ាក់សំាងកូវីដ១៩ ជាង៤០០លានដូស នៅទូទាំងពិភពលោក

បរទេស៖ សេតវិមានបាននិយាយ នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិក បានចែករំលែកថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួនជាង ៤០០លានដូស នៅជុំវិញពិភពលោក នេះបើយោងងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២។

នៅក្នុងអំឡុងសន្និសីទកាសែតមួយ នាថ្ងៃពុធសប្ដាហ៍នេះ លោក Jeff Zients ជាមន្ត្រីសម្របសម្រួលការ ឆ្លើយតបជម្ងឺកូវីដ១៩ សេតវិមានរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន បាននិយាយប្រាប់ថា ថ្នាំវ៉ាក់សំាងទាំងនោះ ត្រូវបានបញ្ជូនទៅឲ្យប្រទេសចំនួន ១១២ប្រទេស នៅជុំវិញពិភពលោក។

ជាមន្ត្រីសម្របសម្រួល ការឆ្លើយតបជម្ងឺកូវីដ១៩ សេតវិមានរូបនេះ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “នៅក្នុងពេលសព្វថ្ងៃនេះ យើងនឹងឈានដល់ចំណុច ចម្បងដ៏សំខាន់មួយ នៅក្នុងកិច្ចប្រឹងប្រែងសកលរបស់យើង”។

គួរបញ្ជាក់ថា នៅក្នុងសប្ដាហ៍នេះ សហរដ្ឋអាមេរិកបានបញ្ជូន ថ្នាំវ៉ាក់សាំងកូវីដ១៩ Pfizer ចំនួនប្រហែល៣,២លានដូស ឲ្យទៅប្រទេសបង់ក្លាដែស និង៤,៧លានដូស ឲ្យទៅប្រទេសប៉ាគីស្ថាន ដែលជាការបរិច្ចាគតែមួយដងដ៏ធំបំផុត ឲ្យដល់ប្រទេសតែមួយ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top