ព័ត៌មានអន្តរជាតិ

កីឡាអូឡាំពិករដូវរងា២០២២! សហគមន៍អន្តរជាតិ កំពុងយកចិត្តទុកដាក់ ជាងមុនលើប្រទេសចិន

អំណោយឆ្នាំថ្មី ឆ្នាំខាលជូនដល់ប្រជាជនចិន និយាយដោយឡែក មនុស្សជាតិទូទៅនិយាយរួម នោះគឺពិធីដ៏មហោឡារិក ដែលប្រទេសចិនទទួលធ្វើជាម្ចាស់ផ្ទះ ក្នុងការរៀបចំកីឡាអូឡាំពិក រដូវរងាឆ្នាំ២០២២ (៤-២០ កុម្ភៈ ២០២២)។

ពិភពលោកកំពុងទន្ទឹងរង់ចាំ ក្នុងការទទួលអំណរទ្វេដង ជាមួយប្រជាជនចិន ក្នុងការទទួលអំណរឆ្នាំថ្មី និងអំណរនៃឧត្តមភាព កីឡាអូឡាំពិករដូវរងា ឆ្នាំ២០២២។ យើងបានដឹងហើយថា តម្រូវការសុខភាពល្អជូនដល់ប្រជាជន គឺជាតម្លៃគោលដើមនៃ ការអនុវត្តជាប្រចាំថ្ងៃនៃកីឡា។ មិនថាកីឡាករ កីឡាការិនី ឬអ្នកស្រឡាញ់វិស័យកីឡា ឬអ្នកនិយមហាត់ប្រាណ អាចបង្កើតនូវសា្នដៃល្អៗ បានដោយអាស្រ័យលើថា ការគោរពគុណធម៌កីឡា និងគោរពតាមគោលការណ៍សុខភាព។ សុខភាពសាធារណៈ ឬសុខភាពល្អជាសេចក្តីប្រាថ្នា របស់មនុស្សជាតិ ហើយជាងពេលណាៗទាំងអស់ ដែលកីឡាបានដើរតួនាទីយ៉ាងសំខាន់ នៅក្នុងសាមគ្គីភាពប្រជាជាតិ និងរួមគ្នាកសាងសហគមន៍ ជោគវាសនារួមនៃមនុស្សជាតិ។

ទាំងអស់នេះចង្អុលបង្ហាញពីការពិត កីឡាលូតលាស់តែនៅពេលដែល កីឡាកើតចេញពីការថែទាំសុខភាព និងសាមគ្គីភាពជូនដល់មនុស្សជាតិ ដែលជាមេរៀននៃជីវភាព ជាក់ស្តែងពិតប្រាកដ ហើយដើរស្របទៅតាម ពេលវេលាយ៉ាងជិតស្និទ្ធ។ កីឡាករ កីឡាការិនី អ្នកស្រឡាញ់កីឡា អ្នកហាត់កីឡា តែងយកចិត្តទុកដាក់អំពី សុខុមាលភាពផ្ទាល់ខ្លួន និងសុខភាពសាធារណៈរបស់មនុស្សជាតិ ហើយបញ្ជូលភាពសប្បាយរីករាយ និងបង្កើនសុខភាពទៅក្នុង ជីវភាពរស់នៅរបស់ខ្លួន ដើម្បីពង្រឹងលើការរំពឹងទុក និងទំនុកចិត្តរបស់ខ្លួនចំពោះ អនាគតដែលល្អប្រសើរជាងមុន ប្រកបដោយសុខភាពល្អបរិបូរណ៍។

ភាពរឹងមាំរបស់កីឡាស្ថិតទៅ តាមឆន្ទៈរបស់មនុស្សជាតិ និងការឆ្លុះបញ្ចាំងពីសហគមន៍រួមគ្នា របស់មនុស្សជាតិ។ កីឡាជានិមិត្តសញ្ញាវប្បធម៌អរូបី របស់មនុស្សជាតិ មនុស្សជាតិម្នាក់ៗពោរពេញ ទៅដោយអារម្មណ៍ មានទឹកចិត្ត មានក្តីសុបិន និងការតស៊ូក្នុងការលើកស្ទួយ គុណតម្លៃរបស់កីឡា ជាពិសេសគុណតម្លៃរបស់កីឡាអូឡាំពិក គឺឧត្តមភាព មិត្តភាព និងការគោរព ដែលនេះជាមូលដ្ឋានគ្រឹះរបស់ ចលនាអូឡាំពិកក្នុងការបង្កើតសកម្មភាព របស់ខ្លួនដើម្បីលើកកម្ពស់វិស័យកីឡា វប្បធម៌ និងការអប់រំ និងក្នុងគោលបំណងកសាង ពិភពលោកឱ្យកាន់តែប្រសើរឡើង។ ជាការណ៍ដែលមិនអាចប្រកែកបានថា គុណតម្លៃទាំងបីរបស់ កីឡាអូឡាំពិកនេះត្រូវបាន ប្រជាជននិងប្រទេសចិនគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួន​ ដើម្បីលើកកម្ពស់តម្លៃរួមរបស់មនុស្សជាតិ ដែលជាពិសេសកីឡាអូឡាំពិក រដូវរងា២០២២នេះ គឺជាតឹកតាងបញ្ជាក់កាន់តែប្រត្យក្ស បន្ថែមទៀតថានេះជាវេទិកាកីឡា ដែលបានចូលរួមចំណែកយ៉ាងសកម្ម ដល់ការកសាងសហគមន៍រួម ជោគវាសនាមនុស្សជាតិ។

នេះមិនមែនជាលើកដំបូង នៃការអនុវត្តយ៉ាងខ្ជាប់ខ្ជួន នូវស្មារតីរបស់កីឡាអូឡាំពិក រដូវរងានោះទេ ព្រោះប្រទេសចិនធ្លាប់បាន ធ្វើជាម្ចាស់ផ្ទះពិធីប្រកួតកីឡាអូឡាំពិក រដូវក្តៅកាលពីខែសីហា ឆ្នាំ២០០៨ ហើយទទួលបាននូវការចាប់អារម្មណ៍ និងសាទរពីពិភពលោកទាំងមូល ហើយឆ្នាំ២០២២នេះ សហគមន៍អន្តរជាតិកំពុង យកចិត្តទុកដាក់ជាងមុនលើ ប្រទេសចិនក្នុងកម្មវិធីដ៏មហិមា នៃការធ្វើជាម្ចាស់ផ្ទះនៃកីឡាអូឡាំពិក រដូវរងា២០២២។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងក្នុងសន្និសីទសារព័ត៌មាន ជាប្រចាំថា សំឡេងនៃសហគមន៍អន្តរជាតិ ដែលគាំទ្រយ៉ាងមុតមាំ និងកាន់តែច្រើនឡើងៗចំពោះ រដ្ឋធានីប៉េកាំងក្នុងការរៀបចំ ប្រកបដោយសុវត្ថិភាព និងមានភាពរលូនតាមពេល កំណត់នូវ​ព្រឹត្តិការណ៍ កីឡាអូឡាំពិករដូវរងា។ ទន្ទឹមនឹងនេះ សំឡេង​ដែលប្រឆាំងក៏កាន់តែច្រើនឡើង និងខ្លាំងឡើងផងដែរទៅនឹងការ ធ្វើនយោបាយធូបនីយកម្មកីឡា។
ជាក់ស្តែងណាស់ក្នុងការផ្តល់ បទសម្ភាសន៍ជាពិសេសជាមួយ កាសែតប្រជាជនចិន លោកស្រី Kate​ Caithness ​ប្រធានសហព័ន្ធ ​ពិភពលោកកីឡា curling បានវាយតម្លៃខ្ពស់ផងដែរចំពោះ កិច្ចការបង្ការការឆ្លងជំងឺ Covid-19 ពីសំណាក់ប្រទេសចិន ដើម្បីធានាជាក់លាក់ដល់ សុខសុវត្ថិភាពសុខភាពរបស់ មនុស្សទូទៅដែលអញ្ជើញមកចូលរួម។ លោក Spyros Capralos ប្រធានគណៈកម្មាធិការ កីឡាអូឡាំពិកនៃប្រទេសក្រិក បានគូសបញ្ជាក់ថា ការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំងបង្ហាញពីពាក្យសន្យា របស់ប្រទេសចិនចំពោះ ឧត្តមគតិអូឡាំពិក។ រដ្ឋធានីប៉េកាំងជារដ្ឋធានីទី១ លើលោកដែលបានរៀបចំការ ប្រកួតកីឡាអូឡាំពិកទាំងរដូវក្តៅ និងរដូវរងា ការប្រកួតកីឡាអូឡាំពិករដូវរងា រដ្ឋធានីប៉េកាំងនឹងក្លាយជាការ ប្រកួតកីឡាអូឡាំពិកបែបបៃតង បំផុតក្នុងប្រវត្តិសាស្ត្រ ។ ដោយឡែកលោក Shaun White អ្នកជិះក្តារស្គីរំអិលព្រិល ដ៏ល្បីឈ្មោះរបស់អាមេរិក បាននិយាយពីសំឡេង​ក្នុងចិត្ត របស់អត្តពលិកទាំងអស់ដែល ចូលរួមការប្រកួតកីឡាអូឡាំពិក រដូវ​រងារដ្ឋធានីប៉េកាំងថា ពិភពលោកទាំងមូលដែលកំពុង ស្ថិតក្រោមស្រមោលខ្មៅនៃជំងឺកូវីដ១៩ ជាសំណាងល្អដែលយើងនៅមាន ការប្រកួតកីឡាអូឡាំពិករដូវរងា ពិតជារឿងដ៏អស្ចារ្យ។ ​
នេះជាសក្ខីភាពនៃជំនឿចិត្ត​ពេញលេញចំពោះភាពជោគជ័យនៃព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិករដូវរងារដ្ឋធានីប៉េកាំង ​ហើយពិភពលោកបានទទួលជំនឿជាក់ថាប្រទេសចិននឹងក្លាយជាប្រទេសខ្លាំងលើវិស័យកីឡារដូវរងា ដោយហេតុថារដ្ឋធានីប៉េកាំង ប្រទេសចិនជាទីសុវត្ថិភាពល្អបំផុតនៃការការពារពីជំងឹCovid-19។

សេចក្តីស្រឡាញ់កីឡាពីសំណាក់ មនុស្សជាតិចំពោះកីឡា ជាពិសេសកីឡាអូឡាំពិកឆ្នាំ២០២២នេះ ជាការចាប់ផ្តើមកីឡាអូឡាំពិករដូវរងា មិនមែនគ្រាន់តែជាពាក្យស្លោកនោះទេ វាបង្ហាញនូវសកម្មភាពជាក់ស្តែង របស់ប្រទេសចិនចំពោះ ពិធីដ៏មានអត្ថន័យនេះ។ សេចក្តីស្រឡាញ់ដាច់ខាត ពិតប្រាកដ និងឋិតថេរចំពោះកីឡាអូឡាំពិក រួមមានកីឡាអូឡាំពិករដូវរងា គឺផ្អែកលើការបង្កើតនិង ទទួលស្គាល់ដោយមនុស្សជាតិ ដែលជាអ្នកចូលរួមបង្កើត និងថែរក្សានូវគុណតម្លៃ របស់កីឡាអូឡាំពិក។ ច្បាស់ណាស់ដែលថា យើងត្រូវសង្កត់ធ្ងន់ដោយស៊ីជម្រៅ នៅចំណុចនេះដោយសារតែ ប្រទេសមួយចំនួនមិនគ្រាន់តែមិន បានយកចិត្តទុកដាក់លើគុណតម្លៃ របស់កីឡាអូឡាំពិកប៉ុណ្ណោះទេ តែប្រទេសទាំងនោះមិនបាន ដាក់បេះដូងរបស់ខ្លួនបញ្ចូលទៅក្នុង គុណតម្លៃរបស់កីឡាអូឡាំពិកនោះទេ ៕

អត្ថបទដោយ៖​ បណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវ វឌ្ឍនភាពកម្ពុជា-ចិន

To Top