គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ថា កាលពីថ្ងៃព្រហស្បតិ៍ លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក បានពិភាក្សាគ្នាអំពីកិច្ច ខិតខំប្រឹងប្រែងការទូត លើការបន្ធូរបន្ថយវិបត្តិនៅក្នុងប្រទេស និងជុំវិញអ៊ុយក្រែន ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ នេះបើយោងតាមសេវាសារព័ត៌មាន Zelensky បានផ្សព្វផ្សាយឲ្យដឹងយ៉ាងដូច្នេះ ។
សេវាសារព័ត៌មានបានលើកឡើងថា មេដឹកនាំនៃប្រទេសទាំង២ បានពិភាក្សាអំពីវត្តមានការទូត របស់សហរដ្ឋអាមេរិក នៅអ៊ុយក្រែន និងលទ្ធផលនៃកិច្ចពិភាក្សា Normandy កាលពីពេលថ្មីៗនេះ។
សេវាសារព័ត៌មានបានឲ្យដឹងថា លោក Zelensky និងលោក បៃដិន ក៏បានថ្លែងអំពីបញ្ហានៃ ការគាំទ្រយោធារបស់ សហរដ្ឋអាមេរិកសម្រាប់ក្រុង Kiev និងវិធីដើម្បីបង្កើនការគាំទ្រ ផ្នែកហិរញ្ញវត្ថុសម្រាប់អ៊ុយក្រែន ស្របពេលមានវិបត្តិកើតឡើង ។
នៅក្នុងកិច្ចពិភាក្សានេះ លោក Zelensky បានថ្លែងអំណរគុណដល់លោក បៃដិន សម្រាប់ “ការគាំទ្រដ៏រឹងមាំ និងឥតងាករេសម្រាប់ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់អ៊ុយក្រែន” និងសម្រាប់ការដឹកនាំរបស់សហរដ្ឋអាមេរិក ក្នុងការប្រមូលផ្តុំសហគមន៍ពិភពលោក ដើម្បីដោះស្រាយវិបត្តិនៅអ៊ុយក្រែន ។
ប្រធានាធិបតីអ៊ុយក្រែន ក៏បានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិក នឹងចាត់វិធានការបន្ថែមទៀត ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យការពារជាតិជាមួយក្រុងគៀវ និង “ពង្រឹងសមត្ថភាពការពារជាតិ របស់អ៊ុយក្រែន” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា