ព័ត៌មានអន្តរជាតិ

ថៃឡង់ដ៏ ប្រកាសតំបន់គ្រោះមហន្តរាយ ក្រោយមានករណីធ្លាយប្រេង ចេញពីក្រោមសមុទ្រ

បាងកក ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ថា ឆ្នេរមួយនៅភាគខាងកើត នៃប្រទេសថៃឡង់ដ៏ ត្រូវបានប្រកាស ជាតំបន់គ្រោះមហន្តរាយ កាលពីថ្ងៃសៅរ៍ ខណៈដែលប្រេងដែលលេចចេញ ពីបំពង់បង្ហូរប្រេងក្រោមទឹក ក្នុងឈូងសមុទ្រថៃ បានបន្តបោកបក់មកច្រាំង និងធ្វើឱ្យខ្សាច់ប្រែពណ៌ខ្មៅ ។

ការលេចធ្លាយចេញពីបំពង់បង្ហូរ ប្រេង ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុន Star Petroleum Refining Public Company Limited (SPRC) បានចាប់ផ្តើមកាលពីល្ងាចថ្ងៃអង្គារ ហើយ ត្រូវបានគ្រប់គ្រង មួយថ្ងៃក្រោយមក បន្ទាប់ពីបានបង្ហូរប្រេង ប្រមាណ៥០.០០០លីត្រ ចូលទៅក្នុងមហាសមុទ្រចម្ងាយ២០គីឡូម៉ែត្រ ពីឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសឧស្សាហកម្មមួយនេះ ។

ប្រេងខ្លះបានហូរទៅ ដល់ច្រាំងសមុទ្រនៅឆ្នេរ Mae Ramphueng ក្នុងខេត្ត Rayong កាលពីល្ងាចថ្ងៃសុក្រ បន្ទាប់ពីបានសាយ ភាយលើផ្ទៃសមុទ្រជាង៤៧គីឡូម៉ែត្រក្រឡាក្នុងឈូងសមុទ្រ ។

កងទ័ពជើងទឹកកំពុងធ្វើការជាមួយ SPRC ដើម្បីទប់ស្កាត់ការលេចធ្លាយ ហើយបានលើកឡើងថា បរិមាណប្រេងសំខាន់ៗ នៅតែនៅក្នុងឈូងសមុទ្រ ដោយមានចំនួនតិចតួចប៉ុណ្ណោះ ដែលហូរនៅលើយ៉ាងហោចណាស់២កន្លែង តាមបណ្តោយឆ្នេរប្រវែង១២គីឡូម៉ែត្រ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top