ព័ត៌មានអន្តរជាតិ

វិភាគ៖ រុស្ស៊ី មិនញញើតនឹងការគំរាម​ របស់អាមេរិកទេ ក្នុងសំណុំរឿងអ៊ុយក្រែន

បច្ចុប្បន្នភាព៖ ចាប់តាំងពីវិបត្តិនៅប្រទេសអ៊ុយក្រែន​ បានផ្ទុះឡើង សហរដ្ឋអាមេរិក បានគំរាមប្រទេសរុស្ស៊ី ជាញឹកញាប់ ដោយការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងការឆ្លើយតបដោយយោធា លើរុស្ស៊ីវិញ ប្រសិនបើរុស្ស៊ី ហ៊ានឈ្លានពានចូលប្រទេសអ៊ុយក្រែន នៅពេលខាងមុខ ។

សហរដ្ឋអាមេរិក មិនត្រឹមតែគំរាមរុស្ស៊ីទេ ថែមទាំងបានព្យាយាម ប្រមែប្រមូលកូនអុករបស់ខ្លួន នៅជុំវិញពិភពលោក ដូចជាប្រទេសបារាំង អង់គ្លេស អាល្លឺម៉ង់ ហូឡង់ ដាណឺម៉ាក និងប្រទេសមួយចំនួនទៀត អោយរួមគ្នាដាក់សម្ពាធលើប្រទេសរុស្ស៊ី ។

សហរដ្ឋអាមេរិក តែងតែគំរាមថា ប្រសិនបើប្រទេសរុស្ស៊ី ហ៊ានឈ្លានពានចូលប្រទេសអ៊ុយក្រែន ដូចដែលបានមើលឃើញ ពីសកម្មភាពយោធា នៅពេលបច្ចុប្បន្ននេះ រុស្ស៊ីនឹងទទួលបាន នូវទណ្ឌកម្មសេដ្ឋកិច្ចមួយកញ្ចប់ធំ និងការឆ្លើយតបខាងយោធា ពីអន្តរជាតិ ។

ចំណែកប្រទេសរុស្ស៊ីវិញ ហាក់ដូចជាមិនញញើតសោះឡើយ ចំពោះការគំរាមរបស់សហរដ្ឋអាមេរិក និងនៅតែរក្សាជំហររបស់ខ្លួនដដែល ក្នុងការដាក់ពង្រាយកងកម្លាំងយោធា និងគ្រឿងយុទ្ធោបករណ៍ នៅតាមបណ្តោយព្រំដែន ជាប់ជាមួយប្រទេសអ៊ុយក្រែន ។

រុស្ស៊ី មិនត្រឹមតែដាក់ពង្រាយ កងកម្លាំងយោធារាប់ម៉ឺននាក់ នៅតាមបណ្តោយព្រំដែន ជាប់ជាមួយប្រទេសអ៊ុយក្រែនទេ ប្រទេសនេះក៏បានបង្កើនសកម្មភាពយោធារបស់ខ្លួន នៅលើដែនទឹកសមុទ្របាល់ទិក និងនៅប្រទេសបេឡារុស ជាប់ព្រំដែនអ៊ុយក្រែនដែរ ។

នៅពេលបច្ចុប្បន្ននេះ កងទ័ពរបស់ប្រទេសរុស្ស៊ី បានឡោមព័ទ្ធប្រទេសអ៊ុយក្រែន ជុំជិត៣ទិសទៅហើយ គឺទិសខាងកើតជាប់ប្រទេសរុស្ស៊ី ខាងត្បូងជាប់សមុទ្របាល់ទិក និងខាងជើងជាប់ជាមួយ ប្រទេសបេឡារុស ដោយប្រទេសរុស្ស៊ី មិនអើពើនឹងការគំរាម របស់សហរដ្ឋអាមេរិកទេ ហើយសកម្មភាពយោធា របស់ប្រទេសរុស្ស៊ី កំពុងបង្កើនក្តីបារម្ភកាន់តែខ្លាំង ដល់សហរដ្ឋអាមេរិក និងប្រទេសជាសម្ព័ន្ធមិត្ត រួមទាំងអង្គការណាតូផងដែរ ។

នៅថ្ងៃចន្ទនេះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់ ទៅតាមសំណើរបស់លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតរបស់សហរដ្ឋអាមេរិក ប្រចាំអង្គការសហប្រជាជាតិ ស្តីពីវិបត្តិរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រេន ។

សហរដ្ឋអាមេរិក ដឹងច្បាស់ណាស់ថា កិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិស្តីពីវិបត្តិអ៊ុយក្រែន នៅថ្ងៃចន្ទនេះ នឹងមិនអាចចេញសេចក្តីសម្រេចណាមួយបានទេ ដោយសារប្រទេសរុស្ស៊ី ដែលជាសមាជិកអចិន្ត្រៃយ៍ របស់ក្រុមប្រឹក្សាសន្តិសុខ នឹងវ៉េតូ ។

សូមបញ្ជាក់ជូនថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មានសមាជិកចំនួន១៥ប្រទេស ដែលក្នុងនោះ ៥ប្រទេសជាសមាជិកអចិន្ត្រៃយ៍ មានសហរដ្ឋអាមេរិក ប្រទេសរុស្ស៊ី ចិន បារាំង និងអង់គ្លេស ហើយសេចក្តីសម្រេចណាមួយ អាចសម្រេចទៅបាន លុះត្រាតែមានការឯកភាពទាំងស្រុង ពីសមាជិកអចិន្ត្រៃយ៍ទាំង៥ប្រទេស បើមានសមាជិកអចិន្ត្រៃយ៍ ១ឬ២ វ៉េតូ ឬជំទាស់នោះ គឺក្រុមប្រឹក្សាសន្តិសុខ មិនអាចចេញសេចក្តីសម្រេចបានទេ ។

លោកស្រី Linda Thomas-Greenfield ពិតជាដឹងច្បាស់ហើយថា រុស្ស៊ីនឹងវ៉េតូសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខ ក្នុងកិច្ចប្រជុំនៅថ្ងៃចន្ទនេះ ប៉ុន្តែទោះជាបែបនេះក៏ដោយ ក៏អាមេរិកនៅតែដាក់សំណើ អោយកោះប្រជុំដែរ ដោយសារចង់អោយរុស្ស៊ី ឯកោផ្នែកការទូត ។

កិច្ចប្រជុំនេះ ទោះបីជារុស្ស៊ីនឹងវ៉េតូ មិនអោយចេញសេចក្តីសម្រេចក៏ដោយ ក៏រុស្ស៊ីនឹងនៅឯកោម្នាក់ឯងដែរ ដោយសារតែសេចក្តីសម្រេច ក្នុងការថ្កោលទោស ឬដាក់សម្ពាធលើរុស្ស៊ី ក្នុងសំណុំរឿងអ៊ុយក្រែន ត្រូវបានសមាជិកក្រុមប្រឹក្សាសន្តិសុខ ភាគច្រើនគាំទ្រ ។

សូមរំលឹកជូនថា កាលពីឆ្នាំ២០១៤កន្លងទៅ ក្រុមប្រឹក្សាសន្តិសុខ អង្កការសហប្រជាជាតិ ក៏បានបើកកិច្ចប្រជុំ ប្រហាក់ប្រហែលគ្នានេះដែរ ក្នុងការថ្កោលទោសប្រទេសរុស្ស៊ី ដែលបានក្រសោបយកតំបន់ គ្រីមា អ៊ុយក្រែន ហើយកាលនោះ សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន ១៣ប្រទេស បានបោះឆ្នោតគាំទ្រសេចក្តីសម្រេច ក្នុងការថ្កោលទោសប្រទេសរុស្ស៊ី ដោយមានសមាជិក១ប្រទេស បានបោះឆ្នោតអនុប្បវាទ និងប្រទេសរុស្ស៊ី បានបោះឆ្នោតវ៉េតូ ដែលធ្វើអោយសេចក្តីសម្រេច មិនអាចចេញរួច ប៉ុន្តែប្រទេសរុស្ស៊ី ក្លាយជាឯកោ ដោយគ្មានអ្នកគាំទ្រ ។

ដើមចមនាំអោយកើតរឿង៖ ដើមចមដែលនាំអោយប្រទេសរុស្ស៊ី មិនញញើតនឹងការគំរាម របស់សហរដ្ឋអាមេរិក គឺដោយសារកញ្ចប់ទណ្ឌកម្មទាំងអស់ របស់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត នឹងត្រូវដាក់ទៅលើប្រទេសរុស្ស៊ី ដ៏រាបណារុស្ស៊ីប្រើកងកម្លាំងយោធា ចូលឈ្លានពានប្រទេសអ៊ុយក្រែន ។

រីឯចម្លើយតបខាងយោធា ពីសំណាក់សហរដ្ឋអាមរិក និងសម្ព័ន្ធមិត្តអង្គការណាតូ ទៅលើប្រទេសរុស្ស៊ី ក៏នឹងត្រូវធ្វើឡើងដ៏រាបណាប្រទេសរុស្ស៊ី ប្រើកងកម្លាំងយោធាចូលឈ្លានពាន ប្រទេសអ៊ុយក្រែនដែរ ខណៈដែលនៅពេលនេះ រុស្ស៊ី មិនទាន់ឈ្លានពានអ៊ុយក្រែនទេ ។

បច្ចុប្បន្ននេះ កងទ័ពរបស់ប្រទេសរុស្ស៊ី បានឡោមព័ទ្ធប្រទេសអ៊ុយក្រែន ជុំជិត៣ទិសទៅហើយ គឺទិសខាងកើតជាប់ប្រទេសរុស្ស៊ី ខាងត្បូងជាប់សមុទ្របាល់ទិក និងខាងជើងជាប់ជាមួយប្រទេសបេឡារុស ដែលមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការវាយប្រហារចូលអ៊ុយក្រែន ។

ការឡោមព័ទ្ធប្រទេសអ៊ុយក្រែន ដោយកងទ័ពរុស្ស៊ី គឺត្រូវបានធ្វើឡើង ក្នុងបំណងទប់ស្កាត់អង្គការណាតូ មិនអោយទទួលយកប្រទេសអ៊ុយក្រែន ជាសមាជិកថ្មី ដោយរុស្ស៊ីបានទាមទារអង្គការណាតូ អោយប្រកាសកុំទទួលយកអ៊ុយក្រែន ជាសមាជិករបស់ខ្លួន ។

រឿងនៅត្រង់ថា ប្រសិនបើអង្គការណាតូ ឆ្លើយតបនឹងការទាមទាររបស់រុស្ស៊ី ដោយប្រកាសមិនទទួលយក ប្រទេសអ៊ុយក្រែន ជាសមាជិកថ្មីរបស់ខ្លួន ប្រទេសរុស្ស៊ី នឹងដកកងកម្លាំងយោធាចេញ ពីការឡោមព័ទ្ធប្រទេសអ៊ុយក្រែន ប៉ុន្តែរហូតដល់ពេលនេះ អង្គការណាតូ មិនទាន់ឆ្លើយតបនឹងការទាមទារ របស់ប្រទេសរុស្ស៊ីទេ ដោយអង្គការណាតូ មិនទាន់ប្រកាសច្បាស់លាស់ថាតើ ទទួលយក ឬមិនទទួលយកប្រទេសអ៊ុយក្រែន ជាសមាជិករបស់ខ្លួន ។

មានការសន្និដ្ឋានជាច្រើន និងប្រហាក់ប្រហែលគ្នាថា បើអង្គការណាតូ ប្រកាសទទួលយកប្រទេសអ៊ុយក្រែន ជាសមាជិក ដោយមិនអើពើនឹងការទាមទារ របស់ប្រទេសរុស្ស៊ី កងទ័ពរបស់រុស្ស៊ី នឹងវាយប្រហារចូល ប្រទេសអ៊ុយក្រែន ដោយមិនញញើត នឹងការគំរាមរបស់អង្គការណាតូ និងសហរដ្ឋអាមេរិកទេ ហើយវិបត្តិធ្ងន់ធ្ងរនឹងកើតឡើង ៕ អ៊ី ជិន

To Top