ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានទំនាក់ទំនងការទូតស្ងប់ស្ងាត់ ជំនួសឱ្យការទូតតាមមេហ្គា ស្តីពីភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងការបោះឆ្នោតតាមនីតិវិធីប្រទេសចិន និងរុស្ស៊ី បានបោះឆ្នោតប្រឆាំងនឹងកិច្ចប្រជុំបើកចំហរបស់ក្រុមប្រឹក្សាសន្តិសុខស្តីពីអ៊ុយក្រែន។ កិច្ចប្រជុំបានឈានទៅមុខ ខណៈសមាជិកក្រុមប្រឹក្សា១០រូប ទៀតបានបោះឆ្នោត គាំទ្រ។
ចិន ប្រឆាំងនឹងការរៀបចំកិច្ចប្រជុំបែបនេះរបស់ក្រុមប្រឹក្សាសន្តិសុខតាមសំណើរបស់ សហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិក នៅក្នុងលិខិតផ្ញើទៅកាន់ប្រធានក្រុមប្រឹក្សាសន្តិសុខ ចុះថ្ងៃទី២៧ ខែមករា បានអះអាងថា ការដាក់ពង្រាយទាហានរបស់រុស្ស៊ី នៅតាមព្រំដែនជាមួយអ៊ុយក្រែន បានបង្កការគំរាមកំហែងដល់សន្តិភាព និងសន្តិសុខអន្តរជាតិ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងថា ប្រទេសចិន មិនអាចយល់ស្របនឹងការទាមទារបែបនេះបាននោះទេ។
លោកបានលើកឡើងថា “ថ្មីៗនេះ ពិតជាមានភាពតានតឹងជុំវិញបញ្ហាអ៊ុយក្រែន។ យើងកំពុងយកចិត្តទុកដាក់ ចំពោះអ្វីដែលពិតជាធ្វើឱ្យមានភាពតានតឹង។ ប្រទេសមួយចំនួន ដែលដឹកនាំដោយសហរដ្ឋអាមេរិក បានអះអាងថា មានសង្រ្គាមកំពុងផ្ទុះឡើងនៅក្នុងអ៊ុយក្រែន”។
ប៉ុន្ដែប្រទេសរុស្ស៊ី បានឲ្យដឹងម្តងហើយម្តងទៀតថា ទាំងរុស្ស៊ី អ៊ុយក្រែន បានបញ្ជាក់យ៉ាងច្បាស់ថាខ្លួនមិនត្រូវការ សង្គ្រាមនោះទេ។ ក្នុងកាលៈទេសៈបែបនេះ តើអ្វីជាមូលដ្ឋានសម្រាប់ប្រទេសពាក់ព័ន្ធដែលទទូចថា នឹងមានសង្គ្រាម។
សហរដ្ឋអាមេរិក អ៊ុយក្រែន និងបណ្តាប្រទេសអឺរ៉ុបពាក់ព័ន្ធ ក៏ដូចជាអង្គការណាតូ កំពុងមានទម្រង់ផ្សេងៗគ្នានៃទំនាក់ទំនងការទូតជាមួយរុស្ស៊ី។ ភាគីពាក់ព័ន្ធគួរតែបន្តស្វែងរកការដោះស្រាយការខ្វែងគំនិតគ្នាតាមរយៈការសន្ទនា និងការចរចា។ លោកបានបន្តថា អ្វីដែលត្រូវការជាបន្ទាន់នៅពេលនេះ គឺការទូត ស្ងាត់ៗ មិនមែនជាការទូតតាមមេហ្គានោះទេ៕
ដោយ ឈូក បូរ៉ា
 
													
																							
 
																								
												
												
												 
						 
					 
						 
					 
						 
					 
								 
																											 
								 
																						 
								 
																						 
								 
																						 
								 
																						 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									 
																		 
									