ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីដ៏ខ្លាំងក្លាមួយ អង្រួននៅលើដែនដី ឥណ្ឌូនេស៊ី តែមិនមានសញ្ញាណាមួយ បញ្ជាក់ពីរលកយក្សស៊ូណាមិនោះទេ

ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ថា ទីភ្នាក់ងារអាកាសធាតុ និងមន្ត្រីបានលើកឡើងថា គ្រោះរញ្ជួយដីកម្រិត៦,១រ៉ិចទ័រ បានវាយប្រហារខេត្ត ម៉ាលូគូ ស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃពុធនេះ ប៉ុន្តែមិនមានរបាយការណ៍អំពីអ្នកស្លាប់ ឬការខូចខាតណាមួយ ត្រូវបានចេញផ្សាយនៅឡើយទេ ។

ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ បានចេញផ្សាយព័ត៌មានស្តីពី ការរញ្ជួយដីកម្រិត៦,២ រ៉ិចទ័រ មុនពេលធ្វើការកែសម្រួល គ្រោះរញ្ជួយដីនេះឡើងវិញ ។

ទីភ្នាក់ងារនេះមិនបាន ចេញការព្រមានអំពី រលកយក្សស៊ូណាមិនោះទេ ខណៈដែលការរញ្ជួយ មិនបានបង្កជារលកយក្សស៊ូណាមិ ។

ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ការរញ្ជួយដីនេះបានវាយប្រហារនៅម៉ោង ៤និង២៥នាទីព្រឹក ម៉ោងក្នុងស្រុកថ្ងៃពុធ ត្រូវនឹងម៉ោង១៩និង២៥នាទីម៉ោងសកល ។ដោយចំណុចកណ្តាលនៃ គ្រោះរញ្ជួយដីនេះស្ថិតនៅចម្ងាយ៨៦គីឡូម៉ែត្រ ភាគឦសាននៃស្រុកMaluku Barat Daya និងមានជម្រៅ១៣១គីឡូម៉ែត្រ នៅក្រោមបាតសមុទ្រ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top