ព័ត៌មានអន្តរជាតិ

អាមេរិក និងណាតូ ច្រានចោលការទាមទារ សំខាន់ៗរបស់រុស្ស៊ី សម្រាប់ការធានាថា ប្លុកយោធា នឹងមិនពង្រីក កាន់តែជិតឆ្ពោះ ទៅព្រំដែនរុស្ស៊ី

បរទេស ៖ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និងអង្គការណាតូ បានច្រានចោលជាផ្លូវការ នូវការទាមទារសំខាន់ៗ របស់ប្រទេសរុស្ស៊ី សម្រាប់ការធានាថា ប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក នឹងមិនពង្រីកកាន់តែ ជិតឆ្ពោះទៅព្រំដែនរបស់ខ្លួន ។

យោងតាមសារ ព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា យោងតាមឯកសារ ដែលមើលឃើញ ដោយកាសែត ប្រចាំថ្ងៃរបស់អេស្ប៉ាញ El Pais និងបានចេញផ្សាយ នៅព្រឹកថ្ងៃពុធ ការអំពាវនាវ របស់រដ្ឋាភិបាលទីក្រុងម៉ូស្គូ សម្រាប់ការធានាជាលាយ លក្ខណ៍អក្សរថា អ៊ុយក្រែននឹង មិនត្រូវបានអនុញ្ញាតឱ្យចូលជាសមាជិក នៃអង្គការណាតូ គឺត្រូវបានច្រានចោល បន្ទាប់ពីកិច្ចចរចាជាច្រើនជុំរវាងអ្នកការទូតរុស្ស៊ី និងលោកខាងលិច ។

ទោះយ៉ាងណាក៏ដោយ មន្ត្រីនិយាយថា ក្នុងការឆ្លើយតប ពួកគេនៅ តែបើកចំហ ចំពោះការសន្ទនា និង បានផ្តល់ផ្នែកខ្លះ នៃកិច្ចសហប្រតិបត្តិការ ដែលអាចធ្វើ ទៅបាន ។ ការឆ្លើយតបជាលាយលក្ខណ៍ អក្សរ ទៅនឹងសំណើខែធ្នូ របស់ទីក្រុងម៉ូស្គូ ឆ្លុះបញ្ចាំងយ៉ាងទូលំទូលាយនូវ អ្វីដែលមន្ត្រី លោកខាងលិច បាននិយាយជាសាធារណៈ អំឡុងពេលមានការ ប្រឈមមុខដាក់គ្នាដ៏តានតឹងនៅអឺរ៉ុប៕

ប្រែសម្រួលៈ ណៃ តុលា

To Top