“ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នឹងជាការប្រកួតកីឡា ប្រកបដោយសុវត្ថិភាពមួយលើក។” នេះជាការវាយតម្លៃរបស់លោក Brian McCloskey អ្នកជំនាញជាន់ខ្ពស់របស់ក្រុមការងារ វេជ្ជសាស្ត្រនៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ។ លោកយល់ឃើញថា ប្រព័ន្ធបង្ការជំងឺកូវីដ១៩ នៃការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង បានដំណើរការយ៉ាងរលូន ដូច្នេះ លោកបានថ្លែងថា “យើងអាចទុកចិត្តបានទាំងស្រុង ”។
ទំនុកចិត្តរបស់លោក Brian McCloskey គឺមកពីការចូលរួម និងសង្កេតមើលយ៉ាងស៊ីជម្រៅ របស់លោកចំពោះការងារបង្ការជំងឺកូវីដ១៩ នៃការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ។ អនុលោមតាមសំណូមពររបស់គណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ គណៈកម្មាធិការកីឡាប៉ារ៉ាឡាំពិកអន្តរជាតិ និងសៀវភៅស្តីពីការបង្ការជំងឺកូវីដ១៩ ដែលប្រកាសដោយគណៈកម្មាធិការ រៀបចំការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ប្រទេសចិន បានចាត់វិធានការបង្ការ និងគ្រប់គ្រងគ្រប់ប្រភេទ ដើម្បីធានាសុវត្ថិភាពរបស់ភាគីនានា ដែលចូលរួមការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង ដោយពេញទំហឹង ។
ប៉ុន្តែ ប្រព័ន្ធសារព័ត៌មានលោកខាងលិចមួយចំនួនតូច បានមួលបង្កាច់កិច្ចខិតខំប្រឹងប្រែង របស់ភាគីចិនថា “ម៉ឺងម៉ាត់ខ្លាំងពេក”និង “ទម្លាយព័ត៌មានរបស់បុគ្គល”ជាដើម ដើម្បីលាបព័ណ៌លើវិធានការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ របស់ភាគីចិន ក៏ដូចជាបំផ្លិចបំផ្លាញបរិយាកាស នៃការប្រកួតកីឡាអូឡាំពិករដូវរងាផងដែរ ។ តើការពិតគឺអ្វី?អត្តពលិកនិងភាគីនានា ពាក់ព័ន្ធដែលចូលរួមការប្រកួត កីឡាអូឡាំពិករដូវរងា មានការវិនិច្ឆ័យដ៏ត្រឹមត្រូវរបស់ខ្លួន ។
ឧទាហរណ៍ដូចជា អ្នកនាង Maame Biney កីឡាការិនីជិះស្គីល្បឿនលឿនចម្ងាយខ្លី របស់សហរដ្ឋអាមេរិកបានថ្លែងថា “នាងខ្ញុំយល់ឃើញថា ការទៅកាន់ក្រុងប៉េកាំង នឹងប្រកបដោយសុវត្ថិភាព ពីព្រោះខ្ញុំដឹងថា មានអត្តពលិក និងបុគ្គលិកការងារជាច្រើន ការពារសុវត្ថិភាពរបស់មនុស្សទាំងអស់គ្នានៅទីនោះ ។” នៅពេលផ្តល់បទសម្ភាសន៍ ជាមួយអ្នកសារព័ត៌មាន លោក Juan Antonio Samaranch Jr ប្រធានគណៈកម្មាធិការ សម្របសម្រួលការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង នៃគណៈកម្មាធិការកីឡាអូឡាំពិកអន្តរជាតិ បានវាយតម្លៃថា វិធានការបង្ការជំងឺកូវីដ១៩ នៃការប្រកួតកីឡាអូឡាំពិករដូវរងា ក្រុងប៉េកាំង គឺមានសុវត្ថិភាព និងប្រសិទ្ធភាព ហើយក្នុងបរិវេណបិទ របស់ការប្រកួត ប្រហែលជា “កន្លែងដែលមានសុវត្ថិភាពបំផុត លើពិភពលោក” ។
គួរបញ្ជាក់ផងដែរថា កត្តាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បានផ្តល់ជំនួយដ៏សំខាន់ ដល់ប្រទេសចិន ក្នុងការរៀបចំការប្រកួតកីឡាអូឡាំពិក ប្រកបដោយសុវត្ថិភាព ។ ដូចជាក្នុង “ភោជនីយដ្ឋានវៃឆ្លាត” មួយនៃមជ្ឈមណ្ឌលប្រព័ន្ធសារព័ត៌មានសំខាន់ នៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង មនុស្សយន្តធ្វើម្ហូបនៅពីក្រោយអេក្រង់កញ្ចក់ រួចបញ្ជូនម្ហូបទៅដល់មុខអ្នកហៅម្ហូប តាមរយៈប្រព័ន្ធបញ្ជូនម្ហូបពីជាន់ លើនៃភោជនីយដ្ឋាន ដើម្បីកាត់បន្ថយការទាក់ទង រវាងមនុស្សនិងមនុស្ស ។ វិធានការបង្ការជំងឺកូវីដ១៩ ដ៏តឹងរ៉ឹងបូករួមទាំងការរួមបញ្ចូល នូវវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ធ្វើឱ្យបុរីកីឡាអូឡាំពិករដូវរងា មានសន្តិសុខដោយគ្រប់ជ្រុងជ្រោយ ។
ការពិតបានបញ្ជាក់ថា ការចោទប្រកាន់និងមួលបង្កាច់ ដោយចេតនាអាក្រក់ទាំងអស់ សុទ្ធតែមិនបានការនោះទេ ។ បច្ចុប្បន្ននេះ មានអ្នកនយោបាយសំខាន់ៗ លើផ្ទៃអន្តរជាតិជាង៣០រូប បានបញ្ជាក់ថានឹងមានវត្តមាន ក្នុងពិធីបើកនៃការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំង និងសកម្មភាពពាក់ព័ន្ធ ។
ប្រការនេះជាការទទួលសម្គាល់យ៉ាងសកម្ម ចំពោះសមិទ្ធផលប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩របស់ចិនផង ហើយក៏បានបង្ហាញ ពីទំនុកចិត្តយ៉ាងពេញលេញ ចំពោះការរៀបចំការប្រកួតកីឡាអូឡាំពិក រដូវរងាក្រុងប៉េកាំងប្រកបដោយសន្តិសុខផងដែរ ។
ក្នុងមួយរយៈពេលខាងមុខទៀត ក្រុងប៉េកាំងមិនត្រឹមតែ នឹងបង្ហាញនូវការប្រកួតកីឡាអូឡាំពិករដូវរងា ប្រកបដោយភាពសាមញ្ញ សុវត្ថិភាពនិងភាពអស្ចារ្យ ជូនចំពោះទូទាំងពិភពលោកប៉ុណ្ណោះទេ ជាងទៅទៀត ប្រទេសចិនក៏នឹងបង្ហាញពីតម្រិះបញ្ញា និងកម្លាំងកាយចិត្តរបស់ខ្លួន ក្នុងការយកឈ្នះលើជំងឺកូវីដ១៩ ដើម្បីបំពេញបន្ថែមនូវទំនុកចិត្ត និងក្តីសង្ឃឹមកាន់តែច្រើនឡើងៗ ដល់ពិភពលោក ក្នុងបរិបទជំងឺកូវីដ១៩ ៕