វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានខិតខំប្រឹងប្រែងពង្រឹងទំនុកចិត្ត ពីសាធារណជនក្នុងការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ ប្រឆាំងនឹងការកើនឡើង នៃការឆ្លងថ្មី ដែលជំរុញដោយទម្រង់អូមីក្រុង ដែលអាចឆ្លងបានខ្ពស់ ជាងទម្រង់ឆ្លងដទៃទៀត។
រដ្ឋបាលចំណីអាហារ និងឪសថអាមេរិក (FDA) បានផ្តល់ការយល់ព្រមពេញលេញដល់វ៉ាក់សាំង បង្កាជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Moderna កាលពីថ្ងៃច័ន្ទ សម្រាប់ប្រើប្រាស់លើមនុស្សដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។
វ៉ាក់សាំងដែលមានឈ្មោះថា Spikevax ចូលរួមជាមួយការបង្កើតរបស់ក្រុមហ៊ុន Pfizer-BioNTech ជាវ៉ាក់សាំង ដែលត្រូវបានអនុម័តពេញលេញចំនួនពីរ នៅក្នុងសហរដ្ឋអាមេរិក។
ការអនុម័តពេញលេញបង្ហាញថា វ៉ាក់សាំង Spikeax បំពេញតាមស្តង់ដារយ៉ាងម៉ត់ចត់របស់ FDA សម្រាប់សុវត្ថិភាព ប្រសិទ្ធភាព និងគុណភាពនៃការផលិតរបស់ក្រុមហ៊ុន។
ស្នងការស្តីទីរបស់ FDA លោកស្រី Janet Woodcock បានលើកឡើងថា ការអនុម័តពេញលេញ សម្រាប់ក្រុមហ៊ុន Moderna គឺជា “ជំហានដ៏សំខាន់” ក្នុងការទទួលថ្នាំបង្ការដល់ប្រជាជនអាមេរិក កាន់តែច្រើន និងបញ្ចប់ការរាតត្បាតនៃជំងឺកូវីដ-១៩។
លោកស្រីបានបន្ដថា “ខណៈពេលដែលមនុស្សរាប់លាននាក់ បានទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដោយសុវត្ថិភាពរួចហើយ យើងទទួលស្គាល់ថា សម្រាប់អ្នកខ្លះ ការយល់ព្រមពី FDA លើវ៉ាក់សាំងឥឡូវនេះ អាចបង្កើនទំនុកចិត្តបន្ថែម ក្នុងការទទួលថ្នាំបង្ការ”៕ ដោយ៖ ឈូក បូរ៉ា