បរទេស៖ កងទ័ពអាកាសរបស់ចក្រភពអង់គ្លេសបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានប្រញាប់ប្រញាល់ ចេញយន្តហោះចម្បាំង ជាការឆ្លើយតបទៅនឹងយន្តហោះយោធារុស្ស៊ីចំនួ៤គ្រឿង ដែលហោះចូលមកជិតចក្រភពអង់គ្លេស។
យោងតាមសារព័ត៌មាន CNBC ចេញផ្សាយកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់កងកម្លាំងអង់គ្លេស ថា យន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្ត្ររុស្ស៊ី ៤គ្រឿង ត្រូវបាន “ស្ទាក់ចាប់ និងអមដំណើរឱ្យចេញ” ដោយបន្ថែមថា យន្តហោះទាំង៤គ្រឿងនោះ មិនបានចូលទៅក្នុង ដែនអាកាសរបស់ចក្រភពអង់គ្លេសនៅពេលណាមួយឡើយ។
យន្តហោះចម្បាំង Typhoon របស់អង់គ្លេស បានហោះចេញពីមូលដ្ឋាន ទ័ពអាកាសអង់គ្លេសនៅទីក្រុង Lossiemouth ភាគឦសាននៃប្រទេសស្កុតឡែន ហើយពួកគេត្រូវបានចូលរួម ដោយយន្តដឹកប្រេងពីលើអាកាស Voyager ដែលបានចាប់ផ្តើមពីទីក្រុង Oxfordshire ប្រទេសអង់គ្លេស។
អាជ្ញាធរមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែម អំពីប្រតិបត្តិការនេះទេ៕ប្រែសម្រួលៈ ណៃ តុលា