ព័ត៌មានអន្តរជាតិ

ប្រមុខយូអិន សម្តែងការព្រួយបារម្មណ៍ ចំពោះជនស៊ីវិលស្លាប់ និងរបួសនៅក្នុងការ វាយឆ្មក់របស់អាមេរិក លើមេដឹកនាំ IS

យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភ ចំពោះជនរងគ្រោះ និងជនស៊ីវិល នៅក្នុងការវាយឆ្មក់របស់ សហរដ្ឋអាមេរិក ដែលនាំទៅដល់ការស្លាប់ របស់មេដឹកនាំរដ្ឋអ៊ីស្លាម (IS)លោក Abu Ibrahim al-Hashimi al-Qurayshi ។

នៅពេលសួររកការអត្ថាធិប្បាយ របស់អគ្គលេខាធិការលើ ប្រតិបត្តិការរបស់សហរដ្ឋអាមេរិក ក្នុងប្រទេសស៊ីរី ប្រឆាំងនឹងលោក al-Qurayshi លោក Farhan Haq អនុអ្នកនាំពាក្យរបស់លោក Guterres បានលើកឡើងថា “យើងបានកត់សម្គាល់ពីការ ប្រកាសរបស់ប្រធានាធិបតីអាមេរិក អំពីការស្លាប់របស់លោក Abu Ibrahim al-Qurayshi ។ យើងកត់សម្គាល់ជាមួយនឹង របាយការណ៍ការព្រួយបារម្ភអំពីជនរងគ្រោះ និងជនស៊ីវិល។

ក្រុមភេរវករ Da’esh គឺជាអក្សរកាត់អារ៉ាប់របស់ក្រុមភេរវករ IS ។ លោក Haq បានបន្ដថា “យើងបន្តអំពាវនាវឱ្យភាគីទាំងអស់ ចាត់វិធានការចាំបាច់ទាំងអស់ ដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ស្របតាមកាតព្វកិច្ចរបស់ពួកគេ ក្រោមច្បាប់មនុស្សធម៌អន្តរជាតិ”។

លោកបានបន្តថា ក្នុងករណីព្យាយាម កំណត់ការទទួលខុសត្រូវ ចំពោះជនរងគ្រោះ ពីការវាយប្រហារនោះ វាជារឿងសំខាន់ ក្នុងការស៊ើបអង្កេត នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបន្ដថា “Da’esh បានប្រព្រឹត្តឧក្រិដ្ឋកម្មដ៏អាក្រក់ ហើយបាននាំមកនូវសោកនាដកម្ម និងការស្លាប់ដល់បុរស ស្ត្រី និងកុមាររាប់ពាន់នាក់។ ហើយយើងចង់ចំណាយពេលនេះ ដើម្បីចងចាំជនរងគ្រោះ និងក្រុមគ្រួសារជនរងគ្រោះនៃ អំពើភេរវកម្មនៅគ្រប់ទីកន្លែង ក្នុងពិភពលោក”។

លោកបាមបន្ថែមថា “ដូចដែលអ្នកបានដឹង ប្រព័ន្ធអង្គការសហប្រជាជាតិទាំងមូល បានរួបរួមគ្នាយ៉ាងខ្លាំង ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងក្រុម Da’esh ដូច្នេះជោគជ័យណាមួយប្រឆាំងនឹងពួកគេ គឺត្រូវបានស្វាគមន៍”។

លោក Al-Qurayshi តាមសេចក្តីរាយការណ៍ បានបំផ្ទុះគ្រាប់បែក ដែលបានសម្លាប់ខ្លួន និងសមាជិកគ្រួសាររបស់លោក អំឡុងពេលការវាយឆ្មក់ពេញមួយយប់ ដោយកងកម្លាំងប្រតិបត្តិការពិសេស របស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុង Atmeh ក្នុងខេត្ត Idlib ភាគពាយ័ព្យនៃប្រទេសស៊ីរី នៅក្នុងនោះដែរមនុស្ស ១៣នាក់ ត្រូវបានគេ រាយការណ៍ថា បានស្លាប់ក្នុងនោះមានកុមារ ៦នាក់ និងស្ត្រី ៤នាក់ ៕

ដោយ ឈូក បូរ៉ា

To Top