យេរ៉ូសាឡឹម៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រធានាធិបតី អ៊ីស្រាអែលលោក Isaac Herzog នឹងទៅបំពេញទស្សនកិច្ច នៅប្រទេសតួកគី នៅពាក់កណ្តាល ខែមីនា ក្នុងគោលបំណងរឹតចំណង ទំនាក់ទំនងទ្វេភាគី។
លោក Erdogan បានប្រាប់អ្នកយកព័ត៌មាន នៅអាកាសយានដ្ឋាន Esenboga របស់ទីក្រុងអង់ការ៉ាថា “ជាមួយនឹងដំណើរទស្សនកិច្ចនេះថា យើងនឹងព្យាយាមដាក់ទំនាក់ទំនង ទ្វេភាគីរបស់យើងនៅលើមូលដ្ឋានផ្សេងគ្នា សម្រាប់អនាគតក្នុងទិសដៅវិជ្ជមាន” ។

ជុំវិញការពិតដែលថាអ៊ីស្រាអែល បានបញ្ជូនអ្នកតំណាងពិសេស របស់ខ្លួនទៅកាន់ប្រទេសតួកគី លោក Erdogan បានលើកឡើងថា បេសកជនពិសេសតួកគី ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល មុនពេលដំណើរទស្សនកិច្ចរបស់លោក Herzog ផងដែរ។
ទំនាក់ទំនងរបស់ប្រទេសតួកគី ជាមួយអ៊ីស្រាអែល បានធ្លាក់ចុះចាប់តាំងពីឆ្នាំ២០១០ នៅពេលដែលកងនាវាចរដឹកនាំដោយតួកគី ព្យាយាមបំបែកការបិទផ្លូវរបស់អ៊ីស្រាអែល នៅលើតំបន់ហ្គាហ្សាស្ទ្រីប បានប៉ះទង្គិចជាមួយកងកម្លាំងអ៊ីស្រាអែល ដោយបានសម្លាប់ជនជាតិតួកគី ១០ នាក់។

មុនឆ្នាំ២០១០ តួកគី និងអ៊ីស្រាអែល មានទំនាក់ទំនងជិតស្និទ្ធ ជាយូរណាស់មកហើយ រួមទាំងកិច្ចសហប្រតិបត្តិការយោធា និងចារកម្មផងដែរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ការប៉ុនប៉ងផ្សះផ្សាគ្នា មិនបានផ្តល់លទ្ធផលស្ទុះ ងើបឡើងវិញ នូវចំណងមិត្តភាពរវាងប្រទេសទាំងពីរនោះទេ ព្រោះលោក Erdogan ជាអ្នកគាំទ្រសំដីនៃបុព្វហេតុប៉ាឡេស្ទីន។
នៅក្នុងការឈ្លោះគ្នានាពេលថ្មីៗនេះ នៅក្នុងឆ្នាំ២០១៨ នៅពេលដែលសហរដ្ឋអាមេរិក បានផ្លាស់ប្តូរស្ថានទូតរបស់ខ្លួន ទៅកាន់ទីក្រុងយេរ៉ូសាឡឹម ប្រទេសតួកគីបានបណ្តេញ ឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ចេញពីទីក្រុងអង់ការ៉ា ៕
ដោយ ឈូក បូរ៉ា
