ស៊ីរី៖ កងកម្លាំងពិសេសរបស់សហរដ្ឋអាមេរិក បានតាមប្រមាញ់ក្រុមជីហាដ នៅក្នុងការវាយឆ្មក់ តាមអាកាសដ៏កម្រមួយ នៅភាគពាយ័ព្យប្រទេសស៊ីរី កាលពីថ្ងៃព្រហស្បតិ៍ ដោយបានសម្លាប់មនុស្ស ១៣នាក់ នៅក្នុងប្រតិបត្តិការមួយ ដែលមន្ទីរបញ្ចកោណ បានពិពណ៌នាថា “ជាបេសកកម្មជោគជ័យ” ។
ប្រតិបត្តិការនេះត្រូវបានគេគិតថា ជាប្រតិបត្តិការដ៏ធំបំផុត ដោយកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងតំបន់ Idlib ដែលគ្រប់គ្រងដោយក្រុមជីហាដ ចាប់តាំងពីការវាយឆ្មក់ឆ្នាំ២០១៩ ដែលបានសម្លាប់មេដឹកនាំ ក្រុមរដ្ឋអ៊ីស្លាមលោក Abu Bakr al-Baghdadi ។
គោលដៅនៃប្រតិបត្តិការចុងក្រោយបង្អស់ នៅជុំវិញទីក្រុង Atme ដែលប្រជាពលរដ្ឋ និងប្រភពផ្សេងទៀត បានឲ្យដឹងថា មានរយៈពេលប្រហែលពីរម៉ោងនោះ ប៉ុន្ដែមិនទាន់ច្បាស់ភ្លាមៗនោះទេ។
ឈ្មោះដែលផ្សព្វផ្សាយ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងក្នុងចំណោមអ្នកស្រុក ក្នុងតំបន់បានស្នើថា ការវាយឆ្មក់របស់សហរដ្ឋអាមេរិក មិនមែនសំដៅលើប្រតិបត្តិករ IS នោះទេ ប៉ុន្តែសំដៅទៅលើសមាជិក នៃក្រុមជីហាដ ដែលជាគូប្រជែងក្រុម Al-Qaeda ។
មន្ទីរបញ្ចកោណបានឈប់ខ្លីក្នុងការបង្ហាញ ពីគោលដៅរបស់ខ្លួន ក្នុងការវាយឆ្មក់ពេលយប់ ប៉ុន្តែបានឲ្យដឹងថា ព័ត៌មានបន្ថែមនឹងត្រូវបានផ្តល់ជូននៅពេលក្រោយ។
អ្នកនាំពាក្យលោក John Kirby បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងកម្លាំងប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក ស្ថិតនៅក្រោមការគ្រប់គ្រង របស់ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិក បានធ្វើបេសកកម្មប្រឆាំងភេរវកម្ម នៅល្ងាចនេះ នៅភាគពាយ័ព្យនៃប្រទេសស៊ីរី”៕ ដោយ ឈូក បូរ៉ា