ព័ត៌មានអន្តរជាតិ

អង្គការសហប្រជាជាតិ ជំរុញឱ្យស៊ូដង់ដោះស្រាយ វិបត្តិនយោបាយ តាមរយៈការពិគ្រោះ ដោយសន្តិវិធី

យូអិន ៖ បេសកកម្ម អង្គការសហប្រជាជាតិ ប្រចាំ នៅប្រទេសស៊ូដង់ បានអំពាវនាវឱ្យ អាជ្ញាធរស៊ូដង់ ដោះស្រាយ វិបត្តិនយោបាយ បច្ចុប្បន្នតាមរយៈការពិគ្រោះយោបល់ដោយសន្តិវិធី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

ក្រុមប្រឹក្សាបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយថា លោក Volker Perthes ប្រធានបេសកកម្ម ជំនួយបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិនៅស៊ូដង់ (UNITAMS) បានធ្វើការអំពាវ នាវនេះ ក្នុងអំឡុងពេលកិច្ចប្រជុំ ជាមួយប្រធានក្រុមប្រឹក្សា អធិបតេយ្យភាព អន្តរកាលរបស់ប្រទេសស៊ូដង់ លោក Abdel Fattah Al-Burhan ។

បេសកជនរបស់អង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្តល់នូវបរិយាកាស សមស្របមួយ ដើម្បីធ្វើឱ្យដំណើរការពិគ្រោះ យោបល់នយោបាយ ដែលកំពុងបន្តទទួលបានជោគជ័យ ដោយការ បញ្ឈប់អំពើហិង្សាលើបាតុករ។

កិច្ចប្រជុំបានពិនិត្យឡើងវិញ នូវវឌ្ឍនភាពនៃការពិគ្រោះយោបល់ ផ្នែកនយោបាយ ដែលសម្របសម្រួល ដោយបេសកកម្មរបស់អង្គការសហប្រជាជាតិ ដើម្បីឈានដល់ការឯកភាពគ្នា ក្នុងចំណោមកម្លាំងនយោបាយសំខាន់ៗ។ នៅថ្ងៃទី១០ ខែមករា UNITAMS បានចាប់ផ្តើមដំណើរការ នយោបាយផ្ទៃក្នុងស៊ូដង់ ដើម្បីបញ្ចប់វិបត្តិនយោបាយ នៅប្រទេសនេះ។

សម្រាប់សប្តាហ៍ទី៣ ឥឡូវនេះលោក Perthes បានចូលរួមក្នុងការពិគ្រោះយោបល់ ជាមួយគណបក្សនយោបាយស៊ូដង់ និងកងកម្លាំងស៊ីវិល នៅក្នុងប្រទេស ប៉ុន្ដែលទ្ធផលទៅជាយ៉ាងណានោះ នៅមិនទាន់ដឹងច្បាស់នៅឡើយទេ ។

គួរនញ្ជាក់ថា អស់រយៈពេលជិត ពីរខែមកនេះ រដ្ឋធានី Khartoum របស់ប្រទេសស៊ូដង់ និងទីក្រុងផ្សេងទៀត បាននិងកំពុងឃើញការតវ៉ា បន្តទាមទារឱ្យមានការវិលត្រឡប់ ទៅកាន់ការគ្រប់គ្រងស៊ីវិលវិញ ៕

ដោយ ឈូក បូរ៉ា

To Top