ម៉ូស្កូ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានជួបសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ ដែលជាលើកទី៣ ក្នុងរយៈពេល ៧ថ្ងៃ ដើម្បីពិភាក្សាអំពីវិបត្តិអ៊ុយក្រែន និងការធានាផ្នែកសន្តិសុខ ។
វិមានក្រឹមឡាំងបានឲ្យដឹងថា មេដឹកនាំទាំងពីរបានបន្ត “ការសន្ទនាសំខាន់ៗ” លើស្ថានភាពទាក់ទង នឹងប្រទេសអ៊ុយក្រែន និងការបង្កើតការធានា សន្តិសុខរយៈពេលវែង និងស្របច្បាប់ រវាងរុស្ស៊ី និងលោកខាងលិច ។
លោកពូទីន ក៏បានកត់សម្គាល់ “សេចក្តីថ្លែងការណ៍បង្កហេតុ និងសកម្មភាពរបស់ថ្នាក់ដឹកនាំ ក្រុងគៀវ ដែលប្រឆាំងទៅនឹង កិច្ចព្រមព្រៀងទីក្រុង Minsk” ស្តីពីការដោះស្រាយវិបត្តិអ៊ុយក្រែន ផងដែរ ។
លោក ពូទីន និងលោក ម៉ាក្រុង បានធ្វើការសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃទី២៨ និង ៣១ ខែមករា ដើម្បីផ្លាស់ប្តូរទស្សនៈលើបញ្ហាដូចគ្នា ខណៈដែលភាពតានតឹង រវាងរុស្ស៊ី និងអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង ដឹកនាំដោយសហរដ្ឋអាមេរិក បានផ្ទុះឡើងក្នុងរយៈពេល ប៉ុន្មានសប្តាហ៍កន្លងមកនេះ ៕
ដោយ ឈូក បូរ៉ា