បរទេស ៖ កាលពីសប្តាហ៍មុន រដ្ឋាភិបាលចក្រភពអង់គ្លេសបានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានស្នើឱ្យលោក Wallace រដ្ឋមន្រ្តីការពារជាតិ និងលោកស្រី Truss រដ្ឋមន្រ្តីការបរទេស ធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី សម្រាប់កិច្ចពិភាក្សា នៅក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ប៉ុន្តែនៅថ្ងៃច័ន្ទ លោកស្រី Truss បាននិយាយថា លោកស្រីបានធ្វើតេស្តវិជ្ជមាន សម្រាប់ COVID-19 ហើយនឹងធ្វើការពីផ្ទះ ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅទីក្រុងឡុងដ៍ លោក Andrei Kelin បាននិយាយនៅក្នុង បទសម្ភាសន៍មួយជាមួយ Sputnik ថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស អង់គ្លេស Liz Truss និងរដ្ឋមន្ត្រីការពារជាតិ លោក Ben Wallace ទៅកាន់ទីក្រុងមូស្គូ គឺគ្រោងធ្វើឡើងនៅពាក់កណ្តាលខែកុម្ភៈ ។
លោក Kelin បាននិយាយថា «វានឹងនៅកន្លែងណាមួយរវាងចុងបញ្ចប់ នៃដប់ថ្ងៃដំបូង និងការចាប់ផ្តើមនៃដប់ថ្ងៃបន្ទាប់នៃខែកុម្ភៈ។ ខ្ញុំមិនចង់និយាយអំពីថ្ងៃ ជាក់លាក់នោះទេ ព្រោះដូចដែលអ្នកបានដឹងថា លោកស្រី Liz Truss បានធ្លាក់ខ្លួនឈឺ ។ ខ្ញុំសង្ឃឹមថា លោកស្រី នឹង ជាសះស្បើយ ហើយយោងតាម ព័ត៌មាន របស់ខ្ញុំ លោកស្រីកំពុងរៀបចំសម្រាប់ ការធ្វើដំណើរនេះ គណៈប្រតិភូមួយត្រូវបានបង្កើតឡើងរួចហើយ»។
ដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីបរទេសអង់គ្លេស លោកស្រី Truss និង រដ្ឋមន្រ្តីការពារជាតិ លោក Wallace នឹងធ្វើឡើងដាច់ដោយឡែក ។
ដំណើរទស្សនកិច្ចដែលបានគ្រោងទុកនេះ ធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងរុស្ស៊ី និងលោកខាងលិច ដោយក្រោយមកបានអះអាងថា ទីក្រុងមូស្គូកំពុងរៀបចំ អន្តរាគមន៍ចូលទៅក្នុងអ៊ុយក្រែន ៕
ប្រែសម្រួលៈ ណៃ តុលា