ព័ត៌មានអន្តរជាតិ

យោធាមីយ៉ាន់ម៉ា ដុតផ្ទះអ្នកភូមិ អស់រាប់រយខ្នង កាលពីពេលថ្មីៗនេះ

បាងកក ៖ អ្នកភូមិមីយ៉ាន់ម៉ា និងអ្នកប្រយុទ្ធប្រឆាំងរដ្ឋប្រហារ បានចោទប្រកាន់កងទ័ពថា បានដុតផ្ទះរាប់រយខ្នង នៅភាគពាយ័ព្យនៃប្រទេសមីយ៉ាន់ម៉ា ខណៈដែលរបបយោធា ស្វែងអ្នកប្រឆាំង នឹងការគ្រប់គ្រងរបស់ខ្លួន ។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឱ្យដឹងថា ការតវ៉ាទ្រង់ទ្រាយធំ ប្រឆាំងនឹងរដ្ឋប្រហារកាលពីឆ្នាំមុន ត្រូវបានរងការបង្រ្កាប ដោយយោធាដ៏ឃោរឃៅ ហើយអំពើហិង្សាបានផ្ទុះឡើងនៅទូទាំងប្រទេស មីយ៉ាន់ម៉ា នៅពេលដែលជនស៊ីវិលបង្កើតជា “កងកម្លាំងការពារប្រជាជន” (PDF) ដើម្បីប្រឆាំងនឹងរបបយោធា ។

ស្ត្រីម្នាក់មកពីភូមិ Bin ក្នុងតំបន់ Sagaing ដែលបានមើលឃើញការប៉ះទង្គិចនាពេលថ្មីៗនេះបាននិយាយថា ទាហានបានមកដល់ នៅព្រឹកថ្ងៃចន្ទ (៣១ មករា) ។ គាត់បាននិយាយកាលពីថ្ងៃសុក្រថា “ពួកគេបានបាញ់ផ្លោងកាំភ្លើងធំ និងបាញ់កាំភ្លើងមុនពេលចូលមក” ដោយបន្ថែមថា សំឡេងបានធ្វើឱ្យអ្នកភូមិ នាំគ្នារត់ភៀសខ្លួន ។

គាត់បាននិយាយថា បន្ទាប់មកទាហានបានដុតបំផ្លាញ ផ្ទះប្រហែល ២០០ ខ្នង រួមទាំងផ្ទះរបស់គាត់ផ្ទាល់ផងដែរ ដោយសុំមិនបញ្ចេញឈ្មោះ ។ គាត់បន្តថា «យើងមិនអាចយក អ្វីមកជាមួយបានទេ យើងបានយកតែសម្លៀកបំពាក់កក់ក្តៅខ្លះប៉ុណ្ណោះ ហើយបន្ទាប់មកយើងក៏រត់ចេញទៅ» ។

យោងតាមក្រុមឧទ្ទាមម្នាក់បាននិយាយថា កងទ័ពក៏បានដុតបំផ្លាញ ផ្ទះនៅជិតភូមិ Inn Ma Hte នៅក្បែរនោះផងដែរ បន្ទាប់ពីកងជីវពលគាំទ្រ របបយោធាក្នុងតំបន់ ត្រូវបានវាយប្រហារ ដោយក្រុមអ្នកប្រឆាំងរដ្ឋប្រហារ ដែលបន្ទាប់មកបានភៀសខ្លួន។

អ្នកប្រយុទ្ធបាននិយាយថា “នៅពេលដែល PDF ចាកចេញពីភូមិ កងទ័ពបានដុតផ្ទះចោល” ដោយបន្ថែមថាផ្ទះ 600ខ្នង ត្រូវបានដុត៕

ប្រែសម្រួលៈ ណៃ តុលា

To Top